(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យគណៈប្រតិភូនៃក្រុមហ៊ុនវិនិយោគយូណាន ដែលជាក្រុមហ៊ុនអភិវឌ្ឍអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរថ្មី ចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងផ្លាស់ប្ដូរយោបល់។

គណៈប្រតិភូនៃក្រុមហ៊ុនវិនិយោគយូណាន ដឹកនាំដោយលោក Liu Minglin ប្រធានក្រុមហ៊ុន និងលោក Lu Wei ប្រធានក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (AIAI) ព្រមទាំងមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកពាក្យអាកាសចរស៊ីវិលបានឱ្យដឹងថា ក្នុងជំនួបនេះលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានជម្រាបជូនអំពីកង្វល់មួយចំនួ​ន នៅពេលបិទអាកាសយានដ្ឋានសៀមរាបអង្គរចាស់ គឺធ្វើយ៉ាងណាប្រើប្រាស់ធនធានមនុស្ស ដែលជាបុគ្គលិក និងឧបករណ៍សម្ភារ ដែលយកពីអាកាសយានដ្ឋានចាស់ ឲ្យមានភាពរលូន ហើយការជ្រើសរើសយកបុគ្គលិកនេះ ត្រូវឈរលើគោលការណ៍ដោយស្ម័គ្រចិត្ត។

ក្នុងឱកាសនោះ ក្រុមហ៊ុនវិនិយោគយូណាន ក៏បានជម្រាបអំពីការខិតខំបង្ហាញនូវសមត្ថភាព ក្នុងការចាត់ចែងគ្រប់គ្រងអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរថ្មី ឲ្យកា្លយទៅជាអាកាសយានដ្ឋានមួយ ប្រកបដោយស្ដង់ដារ ដូចប្រទេសជឿនលឿនមួយចំនួន នៅក្នុងតំបន់អាស៊ាន។

លោកបានលើកឡើងថា ក្រុមហ៊ុនវិនិយោគយូណាន គឺជាក្រុមហ៊ុន TOP 10 មួយនៅក្នុងពិភពលោក ដែលមានចំណូលប្រចាំឆ្នាំ ៣០០ពាន់លានដុល្លារក្នុងមួយឆ្នាំ​ និងមានបុគ្គលចំនួន ៤ម៉ឺននាក់ និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនជាង ៥០០ក្រុមហ៊ុន ហើយក្រុមហ៊ុននេះ គឺជាភាគហ៊ុនិកមួយដ៏ធំ នៅក្នុងការអភិវឌ្ឍអាកាសយានដ្ឋានសៀមរាប។

ទន្ទឹមគ្នានេះ ក្រុមហ៊ុនវិនិយោគយូណាន ក៏បានបង្ហាញនូវគម្រោងអភិវឌ្ឍន៍តំបន់រណប ដែលមានដីបម្រុងជាង ១ពាន់ហិកតា ដើម្បីទាក់ទាញអ្នកវិនិយោគ មកកសាងតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាសកម្មភាពផ្សេងៗ ក្នុងការគាំទ្រផលិតក្នុងស្រុក និងការនាំចេញផងដែរ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co.,Ltd(AIAI)។

អាកាសយានដ្ឋានអន្តរជាតិនេះ បាននិងកំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះ មិនធ្វើឱ្យប៉ះពាល់ដល់តំបន់ការពារបេតិកភណ្ឌនោះទេ។

ដោយឡែកព្រលានយន្តហោះសៀមរាបកំពុងដំណើរការបច្ចុប្បន្ន ជាការវិនិយោគដោយ ក្រុមហ៊ុន​សម្បទាន​ព្រលាន​យន្ត​ហោះ (SCA) របស់ប្រទេសបារាំង ដែលមានសិទ្ធិគ្រប់គ្រង​ព្រលានយន្ត​ហោះទាំង៣ (ភ្នំពេញ សៀមរាប និងព្រះសីហនុ) រហូតដល់ឆ្នាំ២០៤០។ ចំពោះព្រលានយន្តហោះសៀមរាបនេះ រាជរដ្ឋាភិបាលកម្ពុជា បង្កើត​គណៈកម្មការ​ចរចាមួយ​ជាមួយ SCA ដើម្បីសម្របសម្រួលបញ្ចប់កិច្ចសន្យាមុនកាលកំណត់។

ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (AIAI) មានភាគហ៊ុនិក៖
១៖ ក្រុមហ៊ុនវិនិយោគយូណាន (Yunnan Investment Group) មានភាគហ៊ុនចំនួន ៧៦.៦%
២៖ ក្រុមហ៊ុនសំណង់យូណាន (Yunnan Construction Group) មានភាគហ៊ុនចំនួន ២០% និង
៣៖ ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានយូណាន (Yunnan Airport Group) មានភាគហ៊ុនចំនួន ៣.៤%។

គម្រោងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ មានក្រុមហ៊ុនដៃគូចំនួន៤៥ ដែលបានពាក់ព័ន្ធដល់ការផ្គត់ផ្គង់ សាងសង់ និងតំឡើង ឧបករណ៍ បរិក្ខារ និងសម្ភារៈ ដោយប្រើប្រាស់បុគ្គលិក (អ្នកជំនាញការ វិស្វករ និងកម្មករ) សរុបចំនួន ៣ ៦៥២នាក់ ក្នុងនោះមានបុគ្គលិកខ្មែរចំនួន ២ ៧២១នាក់ បុគ្គលិកចិនចំនួន ៩៣១នាក់៕