(ប៉ារីស)៖ មនុស្សជាង១ពាន់នាក់ ត្រូវបានឃុំខ្លួន ដោយកងកម្លាំងសន្តិសុខបារាំង ចាប់តាំងពីការបើកព្រឹត្តិការណ៍បាល់ទាត់ Euro 2016 កាលពីថ្ងៃទី១០ ខែមិថុនាកន្លងទៅ។ នេះបើតាមសម្តីលោក Bernard Cazeneuve រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី៤ ខែកក្កដានេះ។
«ចាប់តាំងពីចាប់ផ្តើមការប្រកួត កងកម្លាំងសន្តិសុខបានចាប់ខ្លួនមនុស្សជាង១,០០០នាក់ ជាលទ្ធផលមាន៦០០នាក់ ត្រូវបានឃុំខ្លួន នៅមន្ទីរឃុំឃាំងរបស់ប៉ូលិស និង៥៦នាក់ត្រូវបានផ្តន្ទាទោស» នេះបើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រី។
លោកបន្ថែមថា មានកងកម្លាំងប្រមាណ៩០,០០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីធានាសន្តិសុខ នៅព្រឹត្តិការណ៍ Euro 2016 ក្នុងនោះរួមទាំង៧២,០០០នាក់ ជាមន្ត្រីប៉ូលិស និងកងអាវុធហត្ថ។ សរុបមានមនុស្ស៣៤នាក់ ត្រូវបាននិរទេសចេញពីបារាំង ក្នុងនោះរួមទាំងអ្នកដែលបង្កការប៉ះទង្គិចដោយហិង្សា រវាងអ្នកគាំទ្រអង់គ្លេស, រុស្ស៊ី និងអ្នកគាំទ្របារាំង នៅទីក្រុង Marseille ប្រទេសបារាំង កាលពីថ្ងៃទី១១ ខែមិថុនា ជាមួយនឹងមនុស្ស៣០នាក់ បានទទួលរងរបួស ការបង្កចលាចលនេះ៕