(កណ្តាល)៖ ក្រុមប្រជាពលរដ្ឋរស់នៅក្នុងភូមិប្ញស្សី ឃុំសំបួរមាស ស្រុកមុខកំពូលចំនួន ១,៤៤៨គ្រួសារ បានសម្ដែងទឹកមុខសប្បាយរីករាយយ៉ាងឥតឧបមា ដោយទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាលក្ខណ:ប្លង់រឹង។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានចុះចែកប្លង់រឹងនេះជូនពលរដ្ឋដោយផ្ទាល់ដៃ ព្រមជាមួយសារនយោបាយល្អៗជាច្រើន ក្នុងការដាស់សតិពលរដ្ឋឲ្យយល់កាន់តែស៊ីជម្រៅ ពីតម្លៃយ៉ាងធំធេង នៃសុខសន្តិភាពដែលរកបានមកយ៉ាងត្រដាបត្រដួស ហើយរីកចម្រើនកាន់តែខ្លាំងឡើងៗក្រោមកសរដឹកនាំដោយមគ្គុទេសក៍ឯកសម្ដេចតេជោ ហ៊ុន សែន។ ដូច្នេះត្រូវរួមគ្នា ថែរក្សាសុខសន្តិភាពឲ្យខានតែបាន។

លោកអភិបាលខេត្តថ្លែងបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់បំផុត លើការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលដ្ឋ។ ទាំងនេះជាការឆ្លុះបញ្ចាំងឲ្យឃើញអំពីការ យកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធានា កម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រផងដែរ។

លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានឲ្យដឹងថា ក្រោមម្លប់សន្តិភាព យើងមានឱកាសក្នុងការបំរើប្រជាពលរដ្ឋបានយ៉ាងពេញដៃ ហើយស្រុកមុខកំពូលបានបិទបញ្ចប់ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចំនួន ២ឃុំ គឺឃុំរកាកោងទី១ និងឃុំរកាកោងទី២។ ក្នុងចំណោម ៣៩ភូមិរបស់ស្រុក ចុះបញ្ជី បានចំនួន ២៦ភូមិ និងបានចុះបញ្ជីចប់ចំនួន ១២ភូមិ។ បច្ចុប្បន្នបានកំពុងអនុវត្តលើការចុះបញ្ជីដី ចំនួន ២៤ភូមិបន្ថែមទៀត ស្ថិតក្នុងឃុំចំនួន ៤ គឺឃុំព្រែកអញ្ចាញ ឃុំឬស្សីជ្រោយ ឃុំព្រែកដំបង និងឃុំស្វាយ អំពារ។

លោក សុខ កាន់ណារិទ្ធ ប្រធានមន្ទីរដែនដី នគររូនីយកម្ម សំណង់ និងសូរិយោដី បានអរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិ្យរីកចំរើនទៅមុខជាលំដាប់ និងគោលនយោបាយដ៍ល្អៗរបស់រាជរដ្ឋាភិបាល។ លោកថា គិតត្រឹមដើម ឆ្នាំ២០២៣នេះ ស្រុកមុខកំពូលបានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋ សរុបចំនួន ១២លើក ស្មើនឹង ១៤,៨៩៧ប័ណ្ណ។ ដោយឡែក ក្នុងពិធីនាថ្ងៃនេះ នឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាលើកទី១៣ ជូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិ នៅភូមិព្រែកឫស្សី ឃុំសំបួរមាស ស្រុក មុខកំពូល ចំនួន ១,៤៤៨ប័ណ្ណទៀត លើក្បាលដីសរុបចំនួន១,៥២៥ក្បាលដី ៕