(បន្ទាយមានជ័យ)៖ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល អបអរសាទរទិវាអន្តរជាតិនារី ៨ ​មីនា លើកទី១១២ ឆ្នាំ២០២៣​ ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»

ការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារីក្រោមប្រធានបទនេះ មានគោលបំណងបន្តរំលេចពីតម្លៃនៃការចូលរួមរបស់ស្ត្រី ដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។​

ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញ លោកអធិការគ្រប់ក្រុង-ស្រុក លោកមេបញ្ជាការវរះនគរបាលការពារព្រំដែនគោកទាំង៤ និង កម្លាំងនគរបាលជានារីទូទាំងខេត្ត សរុបចំនួន២១៥នាក់។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏មានមតិផ្តាំផ្ញើរដល់កងកម្លាំងនគរបាលជានារី ត្រូវយកចិត្តទុកដាក់ គោរពវិន័យ តួនាទី ភារកិច្ច ការរក្សាសុខសន្តិភាពសង្គម ពង្រឹងការអភិវឌ្ឍន៍ខ្លួន ចំពោះ ចំណេះ ជំនាញ សមត្ថភាព បន្ថែមឲ្យស្របតាមយុគសម័យឌីជីថល ដើម្បីឲ្យកាន់តែមានភាពស្មើមុខ ស្មើមាត់ ក្នុងការបំពេញការងារ និងកាន់តំណែងខ្ពស់ដូចកម្លាំងនគរបាលជាបុរស។

ពិធីនេះលោកឧត្តមសេនីយ៍ទោស្នងការ និងថ្នាក់ដឹកនាំគ្រប់ផ្នែកពាក់ព័ន្ធ ក៏បានជូនបាច់ផ្កា សារុង ចំនួន១ ថវិការ២ម៉ឺនរៀល និង បានទទួលទានអាហារសាមគ្គីរួមគ្នាដល់កម្លាំងនគរបាលជានារីផងដែរ៕