(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានរៀបចំពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យ ឌីជីថល»

ពិធីនេះស្ថិតក្រោមវត្តមានលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោកស្រី និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល ក្រុង ស្រុក មន្ត្រីរាជការ មកពីអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ប៉ែន កុសល្យ បានថ្លែងថា ទិវានេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៨ ខែមីនា ដើម្បីអបអរសាទរចំពោះសមិទ្ធផលសម្រេចបានរបស់ស្ត្រីទូទាំងប្រវត្តិសាស្ត្រ និងទូទាំងប្រទេសលើពិភពលោក ពិសេសបង្ហាញថា ស្ត្រីមានសិទ្ធិដូចបុរសគ្រប់ ៣៦៥ថ្ងៃដូចៗគ្នាដែរ ហើយយើងគួរតែចូលរួមចំណែកអបអរសាទរប្រារព្វវាឡើង និងធ្វើការក្រោកឈរទាំងអស់គ្នាដើម្បីសិទ្ធិស្ត្រីពេញមួយឆ្នាំ មិនមែនត្រឹមតែមួយថ្ងៃនោះទេ។

លោកថា ការប្រារព្ធពិធីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីបង្ហាញឲ្យឃើញអំពីការចូលរួមរបស់បងប្អូនជនរួមជាតិកម្ពុជាយើងប្រកបដោយឆន្ទៈមោះមុត ជំរុញឲ្យមានការគិតគូរធ្វើសកម្មភាពឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច នយោបាយ និងសង្គម រួមទាំងការលើកកម្ពស់សីលធម៌ សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់មនុស្សផងដែរ។

លោកអភិបាលខេត្តបានថ្លែងទៀតថា ក្នុងសង្គមកម្ពុជាទាំងក្នុងអតីតកាល និងនាពេលបច្ចុប្បន្ន ខ្មែរយើងឲ្យតម្លៃស្រ្តី ដោយប្រើពាក្យ «មេ» ជាធំ មានន័យថាយើងប្រកាន់យករបបមាតាធិបតេយ្យ ដោយលើកតម្កើងឥស្សរភាពរបស់ស្រ្តី ពិសេសការផ្តល់តួនាទីធំៗ ក្នុងកិច្ចការដឹកនាំប្រទេសជាតិលើគ្រប់វិស័យ គិតរួមទាំងក្នុង វិស័យឯកជនផងដែរ។ ជាការពិតកម្ពុជាយើងបានទទួលស្គាល់នូវសមត្ថភាព ចំណេះដឹងជំនាញ និងឧត្តមភាព ព្រមទាំងសក្តានុពលរបស់ស្រ្តី ដែលជាធាតុ ចូលដ៏សំខាន់រួមចំណែកដល់កិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ក្នុងនោះរាជរដ្ឋាភិបាល បានកំណត់ជាស្នូលនៃយុទ្ធសាស្រ្តចតុកោណថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច និងសង្គមជាតិ» ផងដែរ។

លោក ប៉ែន កុសល្យ បានថ្លែងទៀតថា ព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានបង្ហាញឱ្យឃើញពីវឌ្ឍនភាពជាច្រើន ត្រូវបានធ្វើឡើងដើម្បីការពារ និងលើកកម្ពស់សិទិ្ធរបស់ស្រ្តីនាពេលថ្មីៗនេះ ពិសេសក្នុងការលុបបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រី និងផ្តោតលើការជួយស្ត្រីឱ្យទទួលបានការចូលរួមពេញលេញ និងស្មើភាពគ្នា នៅក្នុងការអភិវឌ្ឍជាសកលគួរជាទីមោទនផងដែរ។

ប៉ុន្តែទន្ទឹមនឹងនេះ ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវរួមគ្នាដោះស្រាយ ក្នុងនោះរួមមានបញ្ហាអំពើហិង្សាក្នុងគ្រួសារ, បទល្មើសរំលោភសេពសន្ថវៈ, ការជួញដូរ និងកេងប្រវ័ញ្ចផ្លូវភេទលើស្រ្តី និងកុមារ និងបញ្ហាចំណាកស្រុក ដែលជាកង្វល់ និងបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសង្គមជាតិ។

លោកបានកោតសរសើរចំពោះរាល់ការខិតខំទាំងឡាយក្នុងគោលដៅ និងគោលបំណងលើកកម្ពស់ស្រ្តី ពិសេសសូមគោរពកោតសរសើរ និងគោរពដឹងគុណដោយស្មោះចំពោះព្រះរាជសកម្មភាពរបស់ សម្តេចព្រះមហាក្សត្រីព្រះ វររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិដើម្បីស្រ្តី និងកុមារ និងចំពោះសកម្មភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រ និងលើកទឹកចិត្ត រួមនឹងការបំពេញព្រះរាជសកម្មភាព និងការធ្វើសកម្មភាពយ៉ាងសកម្មក្នុងការលើកកម្ពស់ ការពារសិទ្ធិ និងផលប្រយោជន៍របស់ស្រ្តី ដើម្បីផ្តល់ឧ៝កាសឲ្យបុរស និងស្រ្តីទទួលបានសិទ្ធិការពារផលប្រយោជន៍ និងឱកាសស្មើគ្នាក្នុងសង្គម ចូលរួមចំណែកធ្វើឲ្យប្រទេសយើងទទួលបាននូវកិត្តិនាម កិត្តិសព្ទល្បីល្បាញ ក្នុងនាមជាប្រទេសមានប្រពៃណី វប្បធម៌ អារ្យធម៌ខ្ពស់ និងសម្បូររុងរឿងនៅលើឆាកអន្តរជាតិ៕