(ភ្នំពេញ)៖ លោកស្រី សាយ ស្រីលក្ខណ៍ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ បានប្រកាសសាលក្រមលើ សំណុំរឿងឧក្រិដ្ឋ របស់ជនជាប់ចោទចំនួន០៤នាក់ ជាប់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ដែលបានប្រព្រឹត្តនៅចំណុចផ្លូវលេខ១០៥ ក្រុមទី៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីអំឡុងខែតុលា ឆ្នាំ២០២២។

លោកស្រីចៅក្រម សាយ ស្រីលក្ខណ៍ បានសម្រេចទម្លាក់បទចោទប្រកាន់ជនជាប់ចោទ និងសម្រេចឲ្យរួចផុតពីចោទប្រកាន់ម្នាក់ និងបានផ្តន្ទាទោសជនជាប់ចោទ០៣នាក់ ត្រូវជាប់ពន្ធនាគារ ក្នុងម្នាក់ៗ រយៈពេលពី១ឆ្នាំ ៦ខែ ទៅ៣ឆ្នាំ ដោយធ្វើការកែប្រែបទចោទប្រកាន់ពួកគេពីបទ ឧក្រិដ្ឋកម្ម ទៅជាបទមជ្ឈឹម វិញ។

សូមជម្រាបថា ក្រុមចោរឆក់ជនបរទេសដ៏សកម្មក្នុងរាជធានីភ្នំពេញ ទាំង០៤នាក់ខាងលើម្នាក់ ត្រូវបានតុលាការ សម្រេចឲ្យរួចផុតពីបទចោទប្រកាន់ (លួចមានស្ថានទម្ងន់ទោស) និង៣នាក់ទៀត តុលាការបានសម្រេច ប្តូរបទចោទ (ពីបទឧក្រិដ្ឋ មកជាបទមជ្ឈឹមវិញ) ដូច្នេះពួកគេខ្លះបានរួចខ្លួន ខ្លះទៀតទទួលទោសស្រាលបំផុត។

ក្រុមល្មើសជនទាំងនេះ គឺត្រូវសមត្ថកិច្ចទប់ស្កាត់ បង្ក្រាបបានយ៉ាងលំបាក ហើយនេះក៏ជាជ្រុងមួយនៃការការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ដែលសមត្ថកិច្ចបានខិតខំបង្ក្រាបបទល្មើស ដើម្បីការពារភ្ញៀវជាតិ-អន្តរជាតិ និងទាក់ទាញវិស័យទេសចរណ៍ក្នុងស្រុក និងកិត្តិយសជាតិ ត្រូវបង្កឡើងដោយក្រុមនេះ នាពេលកម្លងមក។

ពេលប្រកាសសាលក្រម លោកស្រីចៅក្រម សាយ ស្រីលក្ខណ៍ បានឲ្យដឹងថា ជនជាប់ចោទទាំង៤នាក់ ខាងលើនេះទី១៖ឈ្មោះ លី អាល់រីហ្វីន ហៅ រូន អារីហ្វីន អាយុ១៧ឆ្នាំ ត្រូវជាប់គុក១ឆ្នាំ ៦ខែ, ទី២៖ឈ្មោះ លី សាហ្វីអ៉ី អាយុ១៨ឆ្នាំ និងទី៣៖ឈ្មោះ ដួង តារាស័ក្ក អាយុ១៨ឆ្នាំ អ្នកទាំងពីរនាក់នេះ ត្រូវជាប់គុកក្នុងម្នាក់ៗ កំណត់៣ឆ្នាំ និងទី៤៖ឈ្មោះ ម៉ាន់ ហាហ្វីស៊ីន អាយុ២៣ឆ្នាំ ត្រូវបានរួចផុតពីបទចោទប្រកាន់។

ពួកគេទាំង៤នាក់ ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ ក្រោយការឃាត់ខ្លួនពួកគេ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ដកហូតបានវត្ថុតាង រួមមាន ម៉ូតូចំនួន២គ្រឿង ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព និងទូរស័ព្ទ ចំនួន១គ្រឿង៕