(កំពង់ធំ)៖ គ្រាន់តែចាប់ផ្ដើមពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តប្រមាណ ៤០ម៉ឺននាក់ ក្នុងនោះអាជីវករ-សិប្បករដែលបាននាំផលិតផលរបស់ខ្លួនមកលក់ និងផ្សព្វផ្សាយក្នុងឱកាសបុណ្យនេះ ក៏លក់ដាច់បានច្រើនដែរ ខណៈប្រជាពលរដ្ឋក៏ចាប់អារម្មណ៍នឹងផលិតផលក្នុងស្រុកកាន់តែខ្លាំង។

យោងតាមលោក សួង​ ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ នាឱកាសពិធីបុណ្យទន្លេនៅខេត្តកំពង់ធំនេះ សិប្បករ អាជីវករ កសិករ ក្រុមហ៊ុនបាននាំផលិតផលដែលខ្លួនផលិតបានមកដាក់លក់ តាំងបង្ហាញ និងផ្សព្វផ្សាយនៅតាមស្ដង់ផលិតផលដល់ទៅជាង៥០០មុខ ដែលសុទ្ធតែជាផលិតផលស្នាដៃកូនខ្មែរ អាជីវករ សិប្បករ កសិករ ប្រជាជនខ្មែរទាំងអស់ ដូចជា ដូង ទឹកដោះគោ ទឹកត្រី ប្រេងដូង ប្រេងស្លឹកគ្រៃ ប្រេងរឹតធ្វើពីស្លឹកម្លូ ក្រណាត់សូត្រ ក្រណាត់ហូល ក្រមា កាបូប ម្សៅចេក ផលិតផលដែលបានពីត្នោត ផលិតផលដែលបានពីកាកាវ គ្រាប់ស្វាយចន្ទី សាច់ក្រក ត្រីងៀត អំបុក ភេសជ្ជៈ ចម្លាក់ស្បែក គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ ដំណាំកសិកម្ម វត្ថុអនុស្សាវរីយ៍ វត្ថុលម្អសោភ័ណភាពជាដើម។ ស្ដង់ផលិតផលដែលនៅក្រោមគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ គឺមានស្ដង់ VIP ចំនួន៤ស្ដង់ និងស្ដង់របស់សមាជិកចំនួន២១ស្ដង់។

លោក សួង​ ណយ បានលើកឡើងអំពីផ្លែដូង ឬដូងក្រអូប ដែលសហគមន៍បានប្រមូលយកពីសមាជិក ដែលជាកសិករនៅទូទាំងប្រទេស ដើម្បីយកមកលក់ក្នុងឱកាសបុណ្យទន្លេ ឬបុណ្យសមុទ្រមុនៗ ក្នុងមួយថ្ងៃអាចលក់បានដល់ទៅជាង១០,០០០ផ្លែ ហើយក្នុង១ផ្លែតម្លៃ៤,០០០រៀល ៣ផ្លែចុះនៅសល់១០,០០០រៀល។ លោកថា ប្រសិនបើមានច្រើនជាងនេះក៏នៅតែលក់អស់។

លោកស្រី ក្រិល សុខរស់ តំណាងក្រុមហ៊ុនហ្វាមីលីកាកាវ ស្រុកពួក ខេត្តសៀមរាប បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកស្រីបាននាំយកផលិតផលដែលផលិតចេញពីផ្លែកាកាវ ក្នុងនោះរួមមានទឹកក្រូចឆ្មារកាកាវ ទឹកសូកូឡា ម្សៅសូកូឡា១០០% ដុំសូកូឡាដែលគ្មានជាតិគីមី ម្សៅសូកូឡាសម្រាប់ឆុងទឹកផឹក (ដូចអូវ៉ាន់ទីន) នំសូកូឡាកាកាវ និងសាប៊ូធ្វើអំពីកាកាវ ដែលមានអត្ថប្រយោជន៍ច្រើនដល់សុខភាព។ លោកស្រីបន្តថា ក្រុមហ៊ុនហ្វាមីលីកាកាវក៏មានលក់ជូននូវដើមកាកាវជូនកសិករ និងទិញផ្លែកាកាវពីកសិករមកវិញទូទាំង២៤ខេត្ត ដើម្បីយកមកកែច្នៃជាផលិតផលប្រើប្រាស់ និងបរិភោគវិញ។ លោកស្រី សុខរស់ បញ្ជាក់ទៀតថា ប្រទេសកម្ពុជាគឺអាចដាំដើមកាកាវនេះគ្រប់សណ្ឋានដី សំខាន់ឱ្យតែមានទឹកគ្រប់គ្រាន់ និងកុំជោកជាំពេក។

លោក យូ វុទ្ធី ហៅវុធ និងភរិយា ជាអាជីវករទិញលក់ហូលមកពីឃុំព្រែកចង្ក្រាន ក៏បាននាំយកហូល សារុងសូត្រ ក្រមាសូត្រ ក្រមាអំបោះ ដែលផលិតបានពីឃុំព្រែកចង្ក្រាន ខេត្តព្រៃវែង មកលក់ក្នុងឱកាសបុណ្យទន្លេនេះដែរ។ លោក វុធ បានបញ្ជាក់ថា សិប្បកម្មហូល សូត្រនៅឃុំព្រែកចង្ក្រាននេះគឺមានភាពល្បីល្បាញតាំងពីបុរាណកាលមកម្ល៉េះ ខណៈលោកបានប្រកបអាជីវជួញដូរហូល សូត្រ ក្រមានេះ អស់ពេល២៨ឆ្នាំមកហើយ។ លោកបន្តថា ប្រជាពលរដ្ឋក្នុងស្រុក និងភ្ញៀវក្រៅស្រុក គឺមានការជឿជាក់លើគុណភាពនៃហូល សូត្រព្រែកចង្ក្រាននេះយ៉ាងខ្លាំង ខណៈសិប្បករក៏កាន់តែមានការកែច្នៃ រចនាសោភ័ណភាពកាន់តែស្អាត មានភាពទាក់ទាញ ស័ក្តិសមនឹងការពេញនិយមរបស់ប្រជាពលរដ្ឋពីមួយជំនាន់ទៅមួយជំនាន់។ លោកបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលតែងតែជួយគាំទ្រដល់សិប្បករត្បាញហូល សូត្រនៅព្រែកចង្ក្រាន ខេត្តព្រៃវែង ដែលជាផលិតផលខ្មែរសុទ្ធសាធ។

វេជ្ជបណ្ឌិតស្រាវជ្រាវឱសថម្នាក់ដែលមានស្ដង់តាំងបង្ហាញប្រឹងរឹត PT ក៏បាននាំផលិតផលរបស់ខ្លួនមកតាំងបង្ហាញ ផ្សព្វផ្សាយ និងលក់ជូនប្រជាពលរដ្ឋផងដែរ។ ផលិតផលរបស់លោក គឺប្រេងរឹតធ្វើអំពីស្លឹកម្លូ ដែលចាស់ៗបុរាណតែយកមកស្ដោះផ្លុំ ហើយបើតាមការស្រាវជ្រាវគឺមានប្រសិទ្ធភាពពិតមែន ដូច្នេះហើយទើបលោកនិងភរិយាបានខិតខំស្រាវជ្រាវអស់ពេលច្រើនឆ្នាំ បង្កើតបានជាប្រេងរឹតឈឺសន្លាក់ ចុករោយ មុតរបួស ដំបៅ សត្វទិចជាដើម។ លោកថា ផលិតប្រេងរឹតធ្វើពិតស្លឹកម្លូនេះ គឺមានការប្រកួតប្រជែងខ្ពស់ជាមួយផលិតផលបរទេស ដូចជា សិង្ហបុរី ថៃជាដើម។

លោក អ៊ាន់ ណារ៉ុន អ្នកគ្រប់គ្រងសិប្បកម្មតារាហ្វូត (Dara Food Handicraft) បានបញ្ជាក់ថា ស្ដង់របស់លោកគឺមានតាំងលក់នូវផលិតផលនានាដែលផលិតពីដូង សណ្ដែកផ្កាយ ល្ង ម្រុំ ខ្ងី ដែលអាចប្រើប្រាស់ជាឱសថ និងអាហារ ក្នុងនោះមានប្រេងដូង តែខ្ងី តែស្លឹកម្រុំ តែសណ្ដែកផ្កាយ។ លោកថា ផលិតផលក្នុងស្រុកទាំងនេះគឺនាំចេញពីសិប្បកម្មនៅរាជធានីភ្នំពេញ។ លោកបានបន្តទៀតថា ប្រជាពលរដ្ឋបានទិញយកទៅប្រើប្រាស់បានច្រើនដែរ ហើយពួកគាត់កាន់តែស្គាល់នូវផលិតផលទាំងនេះ ព្រមទាំងមានការគាំទ្រគួរសមដែរ។ លោក ណារ៉ុង បញ្ជាក់ទៀតថា «ការចូលរួមគាំទ្រនិងប្រើប្រាស់ផលិតផលទាំងនេះ គឺជួយជំរុញកសិករខ្មែរឱ្យពួកគាត់មានកម្លាំងចិត្តក្នុងការដាំដុះរុក្ខជាតិដែលអាចយកមកច្នៃធ្វើជាឱសថ និងអាហារ បង្កើតការងារជូនប្រជាជន»

ក្រៅពីអាជីវករទាំងនេះ គឺនៅមានស្ដង់ផលិតផលក្នុងស្រុកជាច្រើនទៀត ដូចជា ស្ដង់ផលិតផលហូល សូត្រ ក្រមា មកពីស្រុកបាទី ខេត្តតាកែវ របស់លោកស្រី អ៊ុច សុផា ហៅម៉ាច, សិប្បកម្មប្រេងខ្យល់ ប្រេងកូឡា សញ្ញាស្លឹកពោធិ៍មាស, សិប្បកម្មសាមគ្គីខសមេធិក SK, សិប្បកម្មផលិតសាច់ក្រក ងៀត កំពង់ពពិល, សហគ្រាសទឹកត្រី ទឹកស៉ីអ៉ីវ លាងឡេង, សិប្បកម្មជនពិការ ក្រមាច្នៃជាវត្ថុអនុស្សាវរីយ៍, ទឹកត្រីង៉ូវហេងកំពត, សិប្បកម្មចម្លាក់ស្បែកជាដើម។

លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ក្នុងពេល២ថ្ងៃនាឱកាសចាប់ផ្ដើមពិធីបុណ្យទន្លេលើកទី៧ ពោលគឺថ្ងៃទី៧មុនព្រឹត្តិការណ៍ និងថ្ងៃទី៨ជាថ្ងៃចាប់ផ្ដើមព្រឹត្តិការណ៍ មានប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តប្រមាណ៤០ម៉ឺននាក់ ភាគច្រើនជាប្រជាពលរដ្ឋមកពីក្រុងស្រុកទាំង៩ក្នុងខេត្តកំពង់ធំ និងមកពីខេត្តជុំវិញ ដូចជា ខេត្តសៀមរាម កំពង់ចាម កំពង់ឆ្នាំង ព្រះវិហារជាដើម។ ពួកគាត់មានការសប្បាយរីករាយខ្លាំងណាស់ ម្យ៉ាងជាព្រិត្តិការណ៍ធំក្រោយកូវីដផង និងចំថ្ងៃទិវានារីអន្តរជាតិ៨មីនាផង ហើយម្យ៉ាងពួកគាត់សរសើរអំពីការរៀបចំតុបតែងភ្លើងលម្អបុណ្យគួរឱ្យទាក់ទាញណាស់។

លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់ឱ្យអស់លទ្ធភាពនៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង សំដៅគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេសចរណ៍»

លោករដ្ឋមន្ត្រី ថោង ខុន ពិតជាមានការគាំទ្រយ៉ាងពេញទំហឹង ចំពោះការចូលរួមតាំងពិព័រណ៍ផលិតខ្មែរក្នុងស្រុក នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍នានា ដូចជា ពិព័រណ៍ទេសចរណ៍ ពិធីបុណ្យធំៗមានបុណ្យទន្លេ បុណ្យសមុទ្រជាដើម ក៏ដូចជាការដាក់បង្ហាញផលិតផលទាំងនោះ ឱ្យដល់ភ្នែកដល់ដៃទេសចរតែម្ដង ដោយលោករដ្ឋមន្ត្រីតែងមានសុទិដ្ឋិនិយមថា «វិស័យទេសចរណ៍ ក៏ត្រូវបានចាត់ទុកថា ជាការនាំចេញនៅនឹងកន្លែង និងជួយដល់ផលិតផលក្នុងស្រុកផងដែរ»

ជាការកត់សម្គាល់ អាជីវករ-សិប្បករដែលបាននាំផលិតផលរបស់ខ្លួនមកលក់ និងផ្សព្វផ្សាយក្នុងឱកាសបុណ្យនេះក៏លក់ដាច់បានច្រើនដែរ ក្នុងនោះសិប្បករ អាជីវករក៏បានបង្ហាញនូវផលិតផលថ្មីៗដែលផលិតបានក្នុងស្រុក និងដោយស្នាដៃកូនខ្មែរសុទ្ធសាធ។ ប្រជាពលរដ្ឋមានការចាប់អារម្មណ៍ច្រើននឹងផលិតផលក្នុងស្រុកយ៉ាងខ្លាំងដែរ ដោយពួកគាត់កាន់តែស្គាល់ពីឈ្មោះផលិតផល ដឹងពីគុណភាពប្រើប្រាស់ រួមជាមួយតម្លៃសមរម្យ សន្សំសំចៃជាងការទិញទំនិញនាំចូលទៀតផង៕