(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រកាសតែងតាំងមន្ត្រីសុខាភិបាលចំនួន១៤នាក់ និងមន្ត្រីការិយាល័យផែនការវិនិយោគនៃរដ្ឋបាលខេត្តចំនួន ៦នាក់ ឡើងកាន់តំណែងថ្មីនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ មុនពេលបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម បានយកឱកាសនោះ ផ្ដាំផ្ញើដល់មន្ត្រីទាំងអស់ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី សូមឱ្យខិតខំធ្វើការងារឲ្យបានល្អ សម្រេចឱ្យបានទៅតាមការជឿទុកចិត្តរបស់ថ្នាក់ដឹកនាំ និងការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។

លោក អ៊ុន ចាន់ដា បានណែនាំ ៣ចំណុច សម្រាប់ឲ្យមន្ត្រីទើបទទួលតំណែងថ្មី ដើម្បីយកទៅអនុវត្តក្នុងនោះ៖

*ទី១៖ ត្រូវខិតខំបម្រើសេវាឲ្យបានល្អជូនប្រជាពលរដ្ឋ ទាំងសេវារដ្ឋបាល និងសេវាសាធារណៈ។
*ទី២៖ ត្រូវពង្រឹងនូវឥរិយាបថ ឲ្យសាកសមជាមន្ត្រីផ្ដល់សេវា និងត្រូវស្គាល់អំពីតួនាទីរបស់ខ្លួនឲ្យបានច្បាស់ ក្នុងការបំពេញការងារប្រកបដោយការទទួលខុសត្រូវ នឹងត្រូវដាក់ចិត្តដាក់កាយ បម្រើប្រជាពលរដ្ឋទៅតាមជំនាញ របស់ខ្លួននីមួយៗ។
*ទី៣៖ ត្រូវខិតខំដោះស្រាយបញ្ហានានា ដែលកើតមានឡើងក្នុងពេលដែលយើងអនុវត្តការងារ ទាំងនៅក្នុងអង្គភាព និងនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានលើកយករបៀបវារៈសំខាន់ ចំនួន៥រួមមាន៖

*ទី១៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
*ទី២៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។
*ទី៣៖ ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្ដីពីការបិទចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុប ការអនុវត្តចំណូល ចំណាយថវិកា របស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។
*ទី៤៖ ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្ដីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ៨៥/២០ ស.ស.រ ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ និងប្រការ៣ថ្មី នៃសេចក្តីសម្រេចលេខ ១០៥/២០ ស.ស.រ ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ស្ដីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដី និងនគររូបនីយកម្មខេត្តកំពង់ចាម។
*ទី៥៖ បញ្ហាផ្សេងៗ៕