(រតនគិរី)៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ លោក ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី បានដឹកនាំមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អាជ្ញាធរក្រុងបានលុង និងសង្កាត់បឹងកន្សែង ចុះអនុវត្ដដីកាសម្រេចមួយកន្លែងដែលសង់លំនៅឋានលើចិញ្ចើមផ្លូវសាធារណៈ ភូមិទេសអន្លុង។

លោក ឃឹម រមនី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅកន្លែងអនុវត្តដីកាថា លំនៅឋាននេះសង់លើចិញ្ចើមផ្លូវសាធារណៈដោយគ្មានប្លង់ ហើយខាងជំនាញត្រូវរៀបចំការ៉ូឡាប្រវែង៤ម៉ែត្រ សងខាងនិងសម្រួលផ្លូវនេះឲ្យធំទូលាយប្រវែង១៦ម៉ែត្រ។

លោក កែវ ភក្តី អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី ប្រាប់ឲ្យដឹងថា ការចុះអនុវត្តនេះផ្អែកតាមដីការសម្រេចរបស់សាលាដំបូងខេត្ត ដែលមានម្ចាស់បំណុល គឺរដ្ឋបាលសាលាខេត្តរតនគិរី និងកូនបំណុល (ម្ចាស់ផ្ទះ) មានប្តីឈ្មោះ លឹក ណៃ និងប្រពន្ធឈ្មោះ អ៊ុំ មុំ ហើយការឈូសឆាយធ្វើផ្លូវប្រយោជន៍សាធារណៈនេះ មានការចូលរួមពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានដឹកនាំបញ្ជាផ្ទាល់ដោយលោក ងិន ពេជ ផ្ទាល់។

លោក កែវ ភក្តី បញ្ជាក់ថា ដីកាសម្រេចនេះកូនបំណុល (ម្ចាស់ផ្ទះ) មានសិទ្ធិប្តឹងទៅសាលាដំបូងក្នុងអង្គសេចក្តី។ ក្នុងការចុះអនុវត្តដីកាសម្រេចរបស់សាលាដំបូងខេត្តរតនគិរី លទ្ធផលទទួលបានគឺវិជ្ជមានដោយកូនបំណុលផ្តិតមេដៃ ព្រមទទួលយកតាមក្រុមការងារដោយឈរលើគោលការណ៍យោគយល់ អធ្យាស្រ័យគ្នាក្នុងនាមគ្រួសារខ្មែរតែមួយ៕