(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះ បានប្រទះឃើញ សាកសពក្មេងប្រុស អណ្តែតទឹកស្រះ នៅចំណុច (ដើមស្រល់ របស់ក្រុមហ៊ុនហ្គោលឌិន) ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត។
គរបាលការពារព្រំដែន៩១១ បានឲ្យភ្នាក់ងារ Fresh News ថា ក្រោយពីប្រជាពលរដ្ឋប្រទះឃើញសាកសព ក្មេងប្រុសខាងលើ កម្លាំងបានធ្វើការស្រាវជ្រាវរកឪពុកម្តាយភ្លាមៗ សាកសពឈ្មោះ កក្កដា ពិសិដ្ឋ ភេទប្រុស អាយុ១០ឆ្នាំ ឪពុកម្តាយ រស់នៅមណ្ឌល២ ស្ថិតភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
បើតាមឪពុកម្តាយក្មេងរងគ្រោះ បានឲ្យដឹងថា ក្មេងនេះបានបាត់ខ្លួនតាំង ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ មកម្ល៉េះ ខណៈកុមារារងគ្រោះខាងលើមកលេងជាមួយឪពុកមារ និងម្តាយមីងនៅចំណុចនេះ ហើយបានចុះលេងទឹកស្រះរួចក៏បាត់ខ្លួនតែម្តង ។
បច្ចុប្បន្ននេះ សមត្ថកិច្ចបានធ្វើកោសល្យវិច័យសពក្មេងប្រុស មិនមានស្នាកស្នាមអ្វីពាក់ព័ន្ធនិងឃាតកម្មទេ សពក្មេងប្រុសនេះពិតជាលង់ទឹកពិតប្រាកដមែន។
សមត្ថកិច្ចបានប្រគល់សពក្មេង ទៅឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕