(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ស៊ូ រ៉ាសាក់ (Surasak) អនុព័ន្ធនគរបាលភូមិន្ទថៃ អមស្ថានទូតថៃប្រចាំកម្ពុជា ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា និងឧទ្ទេសនាមលោកវរសេនីយ៍ឯក Piyawat (ភី យ៉ាវ៉ាត់) អនុព័ន្ធនគរបាលភូមិន្ទថៃ អមស្ថានទូតថៃប្រចាំកម្ពុជា ដែលទើបទទួលភារកិច្ចថ្មី។

ជាកិច្ចចាប់ផ្តើម លោកវរសេនីយ៍ឯក ស៊ូ រ៉ាសាក់ (Surasak) អនុព័ន្ធនគរបាលភូមិន្ទថៃ អមស្ថានទូតថៃប្រចាំកម្ពុជា ដែលចប់អាណត្តិ បានថ្លែងអំណរគុណចំពោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ដែលបានផ្តល់កិច្ចសហការគាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់កិច្ចសហប្រតិបត្តការរវាងអង្គភាពជំនាញ ឈានទៅសម្រេចបាននូវលទ្ធផលខ្ពស់ និងល្អប្រសើរ។

ក្នុងជំនួបនោះផងដែរ លោករវសេនីយ៍ឯក ភី យ៉ាវ៉ាត់ (Piyawat) អនុព័ន្ធនគរបាលភូមិន្ទថៃ អមស្ថានទូតថៃប្រចាំកម្ពុជា ដែលទើបទទួលភារកិច្ចថ្មី បានគោរពស្នេីសុំអនុសាសន៍ណែនាំពីនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ សម្រាប់ជាមូលដ្ឋានបន្តកិច្ចសហប្រតិបត្តការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ នៅក្នុងអាណត្តិនៃការកាន់តំណែងបន្តពី លោកវរសេនីយ៍ឯក ស៊ូរ៉ាសាក់(Surasak) ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ទាំងការប្រយុទ្ធប្រឆាំងបង្ក្រាបបទល្មើស ទាំងការតាមចាប់ជនល្មើសរត់គេចខ្លួន ព្រមទាំងការបណ្តុះបណ្តាលសមត្ថភាពជំនាញជូនដល់នគរបាលជាតិកម្ពុជា។

ដោយឡែក សម្រាប់អនុព័ន្ធនគរបាលភូមិន្ទថៃ អមស្ថានទូតប្រចាំកម្ពុជា ដែលទើបទទួលភារកិច្ចថ្មី នាយឧត្តមសេនីយ៍ នេត សាវឿន បានធ្វើការណែនាំអំពីយន្តការនៃកិច្ចសហប្រតិបត្តការរវាងអង្គភាពជំនាញ និងលើកទឹកចិត្តឲ្យបង្កើនកិច្ចសហការនេះ កាន់តែជិតស្និតបន្ថែមទៀត ដើម្បីសម្រេចបានលទ្ធផលឲ្យកាន់តែល្អប្រសើរនាពេលខាងមុខ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានជូនពរអនុព័ន្ធនគរបាល ដែលនឹងចប់អាណត្តិ និងត្រៀមកាន់តួនាទីថ្មី ទទួលបានជោគជ័យក្នុងការបំពេញភារកិច្ច ក្នុងអាណត្តិការងាររៀងៗខ្លួន៕