(កែប)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានផ្តាំផ្ញើដល់មន្រ្តីរាជការនៃមន្ទីរបរិស្ថាន ជាពិសេសមន្រ្តីឧទ្យានុក្ស ត្រូវថែរក្សា និងអភិរក្សតំបន់ការពារធម្មជាតិរបស់ឧទ្យានជាតិកែប ឲ្យនៅគង់វង្ស សំដៅទាក់ទាញទេសចរណ៍ ដើម្បីរួមចំណែកដល់កិច្ចអភិវឌ្ឍន៍ខេត្ត។

មានមតិផ្ដាំផ្ញើបែបនេះ ខណៈលោកស្រី ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកែប ក្នុងឱកាសប្រារព្ធទិវាខួបលើកទី១១២ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថានខេត្តកែប នាថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០២៣ ដោយចូលរួមពីសំណាក់ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងប្រតិភូអមដំណើរ មន្ត្រីរាជការ កងកម្លាំងអាជ្ញាធរនិងអ្នកពាក់ព័ន្ធ។

ទន្ទឹមនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវការផ្តាំផ្ញើ ការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនដល់មន្រ្តីនៃមន្ទីរបរិស្ថាន ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់មន្រ្តីរាជការនៅគ្រប់ពេលវេលា។

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបន្តទៀតថា ក្រោមម្លប់នៃសុខសន្តិភាព យើងទាំងអស់គ្នាអាចប្រកបរបរចិញ្ចឹមជីវិតរៀងៗខ្លួន។

លោកស្រីឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរ ដល់លោកអភិបាលខេត្តកែប សោម ពិសិដ្ឋ ដែលបានដឹកនាំកសាងអភិវឌ្ឍខេត្ត កែប្រែមុខមាត់ និងលើកសោភ័ណ្ឌភាពខេត្តកែប បានថែមមួយកម្រិតទៀតផងដែរ។

នាឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្ត្រី បានឧបត្ថម្ភ អង្ករ ១តោន, មី៣កេសធំ និងថវិកា១លានរៀល និងឧបត្ថម្ភដល់មន្រ្តី ៣៩នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល ដោយឡែក សម្រាប់នារី ១៤នាក់ ក្នុងម្នាក់ៗទទួលបានសំពត់សឹង១ក្បិន បន្ថែមទៀត។

បន្ទាប់មកទៀត លោកស្រីឧបនាយករដ្ឋមន្ត្រី ព្រមទាំងប្រតិភូអមដំណើរ ជួរថ្នាក់ដឹកនាំពាក់ព័ន្ធ ក៏បានអញ្ជើញឡើងលើប៉មមើលទេសភាពដ៏ស្រស់ស្អាតរបស់ខេត្តកែប និងបន្តដំណើរទៅទស្សនកិច្ច នៅលើកោះទន្សាយ។

គួរំលឹកផងដែរថា ប៉មមើលទេសភាពកម្ពស់ ១២ម៉ែត្រនេះ គឺជាមធ្យោបាយកម្សាន្តមួយបន្ថែមទៀត សម្រាប់ភ្ញៀវទេសចរដែលមកទស្សនាឧទ្យានជាតិកែប បន្ថែមពីលើសម្រស់ធម្មជាតិ សត្វព្រៃ និងផ្លូវក្រវ៉ាត់ភ្នំដែលអាចដើរកម្សាន្ត និងហាត់ប្រាណរបស់មនុស្សទូទៅ៕