(សៀមរាប)៖ លោក សែម សុវណ្ណនី សមាជិកកណ្តាលគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែកសាងមាតុភូមិកម្ពុជា ពីបាទដៃទទេ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដូច្នេះ យើងត្រូវរក្សាមរតករបស់សម្តេចតេជោ ឱ្យនៅគង់វង្ស ជាពិសេសសុខសន្តិភាពនេះ គឺមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន។

ការគូសបញ្ជាក់បែបនេះ របស់លោក សែម សុវណ្ណនី បានធ្វើឡើងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកអញ្ជើញផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ ជូនសមាជិក សមាជិកគណបក្សទូទាំងស្រុកបន្ទាយស្រី។

លោក សែម សុវណ្ណនី បានលើកឡើងថា ក្នុងនាមជាសមាជិក សមាជិករបស់គណបក្សប្រជាជនកម្ពុជា មិនមែនមកគ្រាន់តែអង្គុយស្តាប់ផែនការដែលថ្នាក់ដឹកនាំដាក់ជូន ប៉ុន្តែ មិនយកទៅអនុវត្តនោះទេ ពោលគឺត្រូវយកទៅអនុវត្ត ដើម្បីធ្វើយ៉ាងណាបង្កើនប្រៀបឈ្នះទាំងអស់គ្នា។

ជាមួយគ្នានេះដែរ លោក សែម សុវណ្ណនី បានបញ្ជាក់ថា សមាជិក សមាជិកគណបក្សត្រូវលុបបំបាត់កំហុសឆ្គងទង្វើអសកម្ម និងបង្កើនសកម្មភាពផ្តល់សេវាសាធារណនានា ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ជាពិសេសបើកចំហរទទួលយកសមាជិក សមាជិការដែលមកពីគណបក្សផ្សេងៗមានបំណងមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

លោកបានបន្តថា សមាជិក សមាជិកគណបក្សត្រូវតាមដានរាល់សកម្មភាពវាយប្រហាររបស់ក្រុមប្រឆាំងឱ្យបានច្បាស់លាស់ ដើម្បីវាយបកឱ្យបានទាន់ពេលវេលាធ្វើយ៉ាងណារក្សាថែរក្សាការពារ រាល់សមទ្ធិផល នៃសង្គមជាតិឱ្យបានគង់វង្ស ដណ្តើមជោគជ័យធំៗ ក្នុងការកសាងអភិវឌ្ឍមាតុភូមិ និងការលើកស្ទួយជីវភាពរបស់ប្រជាជន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បានអះអាងថា រយៈពេលជាង៤០ឆ្នាំមកនេះ បន្ទាប់ពីថ្ងៃជ័យជំនះ ៧ មករា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័យ។ គោលដៅចម្បងៗ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឱ្យបានរឹងមាំ និងជំរុញការកសាង អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យប្រកបដោយនិរន្តរភាព ដែលជាសសរគ្រឹះដ៏រឹងមាំ ក្នុងការសម្រេចគោលដៅ របស់គណបក្សប្រជាជនកម្ពុជា។

នាឱកាសនោះដែរ លោក សែម សុវណ្ណនី ក៏បានឧបត្ថម្ភថវិកាចំណាយក្នុងកម្មវិធីបាល់ទាត់ដើណ្តើមពានរង្វាន់អភិបាលខេត្តសៀមរាប, ឧបត្ថម្ភថវិការៀបចំពិធីផ្សព្វផ្សាយស្តីពីលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស, ឧបត្ថម្ភក្រុមយុវជនជាអ្នកសង្កេតការណ៍, អង្ករ ៧តោន សម្រាប់ប្រជានជនជួបការលំបាក ក្នុងស្រុកបន្ទាយស្រី, កាបូប ប៊ិច សៀវភៅ ថវិកាក្នុង១នាក់ ៥០,០០០រៀល។ សរុបថវិកាចំនួន ២៩,១០០ដុល្លារ៕