(ក្រចេះ)៖ ស្រ្តីចាស់ជរា និង ស្រ្តីមេម៉ាយ ចំនួន២០នាក់ ទទួលបានអំណោយពីសហគមចលនាយុវជនកម្ពុជា ក១៥៧ ក្នុងឱកាសគម្រប់ខួបលើក១១២ នៃទិវានារីអន្តរជាតិ៨ មីនា ២០២៣ នៅសាលាបឋមសិក្សាក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ។
អំណោយនេះត្រូវបានលោក ឧកញ៉្ញា មិត្ត ឆៃយុត្តិ ប្រធានសហគមចលនាយុវជនកម្ពុជា (ក១៥៧) សាខាខេត្តក្រចេះ នាំយកទៅប្រគល់ជូន នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ដោយក្នុង១នាក់ ទទួលបានអង្ករ១បេ, ទឹកត្រី១យួ, មី១កេស, ត្រីខ១យួ, សារុង១ និងថវិកាចំនួន៨ម៉ឺនរៀល។
លោកឧកញ៉ា មិត្ត ឆៃយុត្តិ បានបញ្ជាក់ថា សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាស្ថាបនិក និងលោក ម៉ឹង ពន្លក ជាប្រធាន ហើយជានិច្ចកាលសមាគម បានចូលរួមទាំងកម្លាំងកាយ កម្លាំងស្មារតី សម្ភារ រួមទាំងថវិកា ដើម្បីកសាងចេញជា សមិទ្ធផល ជាអំណោយយកមកចែកជូន អ៊ំ មារមីង បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក់ ខ្វះខាត។
លោកថា នាពេលកន្លងមក សមាគម ចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តក្រចេះ តែងតែធ្វើសកម្មភាពមនុស្សធម៌ដល់ខ្នងផ្ទះពុកម៉ែពូមីងបងប្អូន ជាជនចាស់ជរា ស្ត្រីមេមាយ ជនពិការ កុមារកំព្រារ និងគ្រួសារក្រីក្រជួបការលំបាក ហើយបាននឹងកំពុងធ្វើសកម្មភាព ជាបន្តបន្ទាប់។
លោកក៏បានជម្រាបជូនដល់លោកមេឃុំ ចៅសង្កាត់ថា ប្រសិនបើនៅតាមមូលដ្ឋានរបស់ខ្លួន មានអ្នកអត់ អ្នកខ្សត់ពិតប្រាកដ គឺអាចដាក់សំណូមពរ ឬក៏ទាក់ទងមកក្រុមការងារ ក្រុម១៥៧ ខាសាខេត្តក្រចេះ នោះក្រុមការងារ និងចុះទៅដល់ទីតាំងពិនិត្យពីជីវភាព និងការរស់នៅជាក់ស្ដែង ដើម្បីជួយផ្ដល់អំណោយ ជួយសម្រាលការលំបាករបស់គាត់។
តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ បានដាក់ចេញនូវទស្សនៈ វិស័យវែងឆ្ងាយថា សម័យនេះហើយមិនអនុញ្ញាតិអោយប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ អាហារនោះឡើយ ។ ដូច្នេះ ក្រុម ក១៥៧ ក៏បានចូលរួមចំណែកក្នុងទស្សនៈរបស់សម្ដេច ដោយគោរព ធ្វើតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដើម្បីឲ្យប្រជាពលរដ្ឋយើងរស់ ដោយមោទកភាព។
លោកបញ្ជាក់ទៀតថា អំណោយនៅពេលនេះមានតិចតួចក្ដី ប៉ុន្តែបានជួយសម្រួលដោះស្រាយការ ខ្វះខាតរបស់បងប្អូនបានមួយរយៈពេលដែរ។ ហើយនៅថ្ងៃខាងមុខ លោក នឹងនាំក្រុមគ្រួពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្រុងក្រចេះ ក៏ដូចជានៅតាមបណ្តាស្រុកក្រុង នៅទូទាំងខេត្តក្រចេះ ផងដែរ ៕