(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងជាបេសកជនពិសេស របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ជាមួយថ្នាក់ដឹកនាំគណៈចលនាឥស្លាម រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ មកពីទូទាំងប្រទេសចំនួនប្រមាណ១៤០នាក់ នៅវិមាន៧មករា។

នាឱកាសនោះ លោកបណ្ឌិតបានលើកឡើងថា កិច្ចប្រជុំនាថ្ងៃនេះ ក្នុងគោលបំណងរៀបចំផែនការយកប្រៀបឈ្នះ ដណ្ដើមយកសន្លឹកឆ្នោតឲ្យបានច្រើននៅតំបន់ដែលមានបងប្អូនខ្មែរឥស្លាមរស់នៅច្រើន និងការងារឃោសនាបោះឆ្នោតនៅតំបន់ដែលមានបងប្អូនខ្មែរឥស្លាម សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នាខែកក្កដា ខាងមុខនេះ។

លោក អូស្មាន ហាស្សាន់ បានលើកឡើងដែរថា កន្លងមកនៅតាមសហគមន៍ខ្មែរឥស្លាមតែងតែទទួលបានសន្លឹកឆ្នោតច្រើន នៅពេលដែលមានការបោះឆ្នោតម្តងៗ ប៉ុន្តែលោកបានជំរុញឲ្យ សមាជិក សមាជិកាគណៈចលនាឥស្លាមកម្ពុជា នៅទូទាំងប្រទេសទាំងអស់ ត្រូវត្រៀមលក្ខណៈ និងកម្លាំងជាមុន ក្នុងការឃោសនារកសន្លឹកឆ្នោតឲ្យច្រើន ភ្លូកទឹកភ្លូកដី ជូនគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ក៏បានពិភាក្សារៀបចំកម្មវិធីជួបជុំសំណេះសំណាលគណៈចលនាឥស្លាម របស់គណបក្សប្រជាជនកម្ពុជា រាជធានី-ខេត្ត ឥស្លាម ទូទាំងប្រទេសចំនួន៣,៥០០ នាក់ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ៕