(ភ្នំពេញ)៖ រដ្ឋាភិបាលឥណ្ឌា បានសម្រេចផ្តល់ជំនួយដល់កម្ពុជា ប្រមាណ៤លានដុល្លារ ដើម្បីជួសជុល កែលម្អប្រាសាទព្រះវិហារ នៅក្នុងប្រទេសកម្ពុជា។

ការសម្រេចផ្តល់ជំនួយនេះ បានធ្វើឡើងនៅក្នុងជំនួបរវាង លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោក Naveen Srivastava ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា នៅទីស្តីការក្រសួងការបរទេស នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦នេះ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គម្រោងជួសជុល ប្រសាទព្រះវិហារ ក្រោមជំនួយរបស់ឥណ្ឌា នឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០១៦នេះ ហើយរាជរដ្ឋាភិបាល​កម្ពុជា កំពុងសម្របសម្រួលដល់ គម្រោងជួសជុលនេះផងដែរ៕