(ភ្នំពេញ)៖ នាឱកាសខួបអនុស្សាវរីយ៍លើកទី១១២ ទិវាអន្តរជាតិនារី នៅព្រឹកថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣ នៅសាលសនិ្នសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃ គ.ជ.ប ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។
មានមតិសំណេះសំណាលក្នុងពិធីនោះ លោក ប្រាជ្ញ ចន្ទ បានលើកឡើងថា ក្នុងតួនាទីជាម្តាយ ជាជីដូន និងឧត្តមភរិយា ស្ត្រីត្រូវអប់រំកូនចៅឱ្យខិតខំរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ និងត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។ ពេលនិយាយស្តីត្រូវប្រកាន់យកភាពទន់ភ្លន់ សុភាពរាបសារ និងសីលធម៌ មិនប្រើអំពើហិង្សា មិនរំលោភសិទ្ធិអ្នកដទៃ ចៀសវាងពាក្យអសុរោះ ដើម្បីឱ្យពួកគេក្លាយជាកុលបុត្រ កុលធីតាល្អប្រសើររបស់សង្គមជាតិ ចេះគោរពច្បាប់ និងចេះអត់ឱន អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។
ឆ្លៀតក្នុងឱកាសពិធីខួបអបអរសាទរទិវាអន្តរជាតិនារី ដ៏វិសេសវិសាល ប្រធាន គ.ជ.ប បានមានមតិផ្តាំផ្ញើដល់មន្ត្រីបុគ្គលិកនារីនៃ គ.ជ.ប ទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ និងកិត្តិយសឱ្យបានល្អ និងមានសីលធម៌រស់នៅស្អាតស្អំ មានចរិយាសុភាពរាបសារ តែម៉ឺងម៉ាត់ ដើម្បីធ្វើជាគំរូល្អដល់នារីជំនាន់ក្រោយ។ នារីគ្រប់រូបត្រូវខិតខំបង្កើនសមត្ថភាពជំនាញ ដើម្បីកសាងខ្លួនទៅអនាគត តាមរយៈការអានសៀវភៅ ការស្រាវជ្រាវ ការបន្តការសិក្សា និងការតាមដានព័ត៌មានត្រឹមត្រូវ។ ត្រូវចេះប្រើប្រាស់ពេលវេលាឱ្យបានល្អ និងមិនត្រូវបណ្តែតបណ្តោយឱ្យពេលវេលាកន្លងទៅដោយឥតប្រយោជន៍។ នារីត្រូវចេះបែងចែកការទទួលខុសត្រូវការងារនៅអង្គភាព និងកិច្ចការគ្រួសារផ្ទាល់ ព្រមទាំងការសិក្សាបង្កើនសមត្ថភាព ដើម្បីធានាជោគជ័យក្នុងការងារផង និងសុភមង្គលក្នុងគ្រួសារផង។
លោកបានឲ្យដឹងថា បច្ចុប្បន្នមន្ត្រីបុគ្គលិកនារី នៃ គ.ជ.ប ទាំងក្របខ័ណ្ឌ និងជាប់កិច្ចសន្យារយៈពេលវែងមានចំនួន ៧៥១នាក់ ដែលក្នុងនោះមាននារីចំនួន ១៨០នាក់។ លោកប្រធាន គ.ជ.ប បានកត់សម្គាល់ឃើញថា ក្នុងចំណោមមន្ត្រីជានារី ១៨០នាក់ មាននារី ១៥០នាក់ ដែលមានកម្រិតវប្បធម៌ថ្នាក់ឧត្តមសិក្សា។
លោក ប្រាជ្ញ ចន្ទ បន្ថែមថា នេះជាសញ្ញាណវិជ្ជមានឆ្លុះបញ្ចាំងឱ្យឃើញពីភាពរីកចម្រើន និងឱកាសកាន់តែទូលាយរបស់ស្ត្រីក្នុងការទទួលបានការអប់រំកម្រិតខ្ពស់ និងបង្ហាញថា ស្ត្រីពិតជាមានចំណេះដឹង សមត្ថភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកាន់មុខតំណែងនានា ក្នុងរចនាសម្ព័ន្ធរបស់ គ.ជ.ប ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការបោះឆ្នោតថែមទៀត។
ទិវាអន្តរជាតិនារី ៨ មីនា ជាថ្ងៃដែលសកលលោករំលឹកអំពីវីរភាពនៃការតស៊ូរបស់នារីទូទាំងសកលលោក ដើម្បីទាមទារឱ្យមានការលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិសេរីភាព ឋានៈតួនាទីស្ត្រី នៅក្នុងសងុ្គម។ លោក ប្រាជ្ញ ចន្ទ បានគាំទ្រដល់ប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ដែលបានលើកឡើងចំពេលដែល គ.ជ.ប បាននិងកំពុងរៀបចំដំណើរការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូននៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
ប្រធាន គ.ជ.ប បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន ក្នុងស្ថាប័ន គ.ជ.ប ស្ត្រីកាន់មុខតំណែងជាអ្នកគ្រប់គ្រង មានថ្នាក់អគ្គនាយករង ជាជំនួយការ គ.ជ.ប ឋានៈស្មើប្រធាននាយកដ្ឋាន ជាអនុប្រធាននាយកដ្ឋាន ជាប្រធាន និងសមាជិកគណៈកម្មការរាជធានីខេត្តរៀបចំ-ការបោះឆ្នោត ជាប្រធានលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត ជាប្រធានការិយាល័យ ជាអនុប្រធានការិយាល័យ និងជាប្រធានផ្នែកជំនាញនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ដែលនេះបញ្ជាក់ឱ្យឃើញពីការគិតគូរ យកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ គ.ជ.ប ក្នុងការលើកកម្ពស់តម្លៃស្ត្រី និងផ្តល់ឱកាសដល់ស្ត្រីបានចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការរៀបចំការបោះឆ្នោត ដែលប្រកបដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានទំនើបកម្ម ស្របតាមប្រធានបទ និងចក្ខុវិស័យរបស់ គ.ជ.ប។
លើសពីនេះទៀត លោក ប្រាជ្ញ ចន្ទ បានសង្កេតឃើញថា ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន មាននារីច្រើនជាងបុរស ដែលបានចូលប្រឡូកក្នុងសកម្មភាពការងារលើគ្រប់វិស័យ ជាក់ស្ដែងនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ក៏មានចំនួននារីច្រើនជាងបុរសដែរ។ លោកបានបន្តថា នារីតែងច្រើនជាងបុរស ដូចជាផ្នែកកម្មករ កម្មការនី វិស័យគ្រូបង្រៀន វិស័យគ្រូពេទ្យ វិស័យកសិកម្ម វិស័យកីឡាក៏មាននារីច្រើន៕