(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាល និងផ្តល់ថវិកាដល់ក្រុមការងារយុវជនគណបក្សក្នុងរចនាសម្ព័ន្ធស្រុកតំបែរ នៅស្នាក់ការគណបក្សស្រុកតំបែរ។

លើកឡើងនាឱកាសនោះលោក ជាម ច័ន្ទសោភ័ណ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយុវជនគណបក្សស្រុក/ឃុំ យុវជនគណបក្សភូមិ យុវជនគណបក្សតាមសាខា ដែលតែងតែចូលរួមយ៉ាងសកម្មភាព ក្នុងការចុះជួយប្រជាពលរដ្ឋ និងចូលរួមផ្សព្វផ្សាយដល់យុវជនឲ្យមានឱកាសជួបជុំគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសពង្រឹងជាធ្លុងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់យុវជននៅគ្រប់ជាន់ថ្នាក់បានយ៉ាងល្អប្រសើរ និងមានប្រសិទ្ធភាព។

លោក ជាម ច័ន្ទសោភ័ណ ក៏បានណែនាំឱ្យសមាជិក សមាជិកា គណបក្សទាំងអស់ត្រូវគោរពតាមគោលនយោបាយរបស់គណបក្ស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ជួយ សម្របសម្រួលដល់យុវជនគណបក្សទាំងអស់ ទាំងធនធាន សម្ភារៈព្រមទាំងថវិកា ដើម្បីជួយសម្របសម្រួលដល់ក្រុមការងារយុវជនគណបក្ស ក្នុងការអូសទាញយុវជនផ្សេងៗទៀត ឲ្យងាកមកគាំទ្រនូវគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធានាឲ្យបាននូវជ័យជំនះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា នៅឆ្នាំ២០២៣ នាពេលខាងមុខ គឺបន្តយកជ័យជំនះសម្រាប់ការបោះឆ្នោតជាតិក្នុងនីតិកាលបន្តទៅមុខទៀត ។

ជាមួយគ្នានោះលោក ជាម ច័ន្ទសោភ័ណ បានលើកទឹកចិត្តឲ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ក្នុងស្រុកតំបែរ ត្រូវបន្តពង្រឹង និងខិតខំអនុវត្តន៍តាមរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ក្នុងការពង្រឹង និងពង្រីក សមាជិកបក្ស ឈានទៅបង្កើនសមាជិកបក្ស ទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់បង្កើនថ្មី សមាជិកបក្សម្នាក់សន្លឹកឆ្នោត ១សន្លឹក ជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតគ្រប់អាណត្តិទាំងអស់ ដើម្បីជូនសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗ បន្ថែមទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត៕