(ចិន)៖ អតីតមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សានយោបាយជាតិចិនលោក Ling Jihua ត្រូវបានតុលាការទីក្រុង ធានជិន ភាគខាងកើតប្រទេសចិន សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពីបទទទួលសំណូក, លួចរឿងសម្ងាត់ជាតិដោយខុសច្បាប់ និងលួចលាក់រំលោភបំពានអំណាច។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០១៦។
យោងតាមសាលក្រមរបស់សាលាដំបូងទីក្រុង ធានជិន លោក Ling ត្រូវបានតុលាការរកឃើញថាបានទទួលសំណូក ជាទឹកប្រាក់ ៧៧,០៨លានយ័ន ស្មើនឹង ១១,៦លានដុល្លារអាមេរិកមកទុកជាសម្បត្តិផ្ទាល់ខ្លួន និងផ្ទេរឲ្យក្រុមគ្រួសារ។ ចំពោះបទចោទប្រកាន់នេះ លោក Ling ព្រមទទួលស្គាល់កំហុស និងមិនបានធ្វើការប្តឹងឧទ្ធរណ៍នោះឡើយ។
គួរបញ្ជាក់ថាលោក Ling ជាអនុប្រធាននៃគណកម្មាធិការទី១២ នៃមហាសន្និបាតប្រឹក្សានយោបាយនៃប្រជាជនចិន និង ជាប្រធាននាយកដ្ឋានការងារជួរមុខ នៃគណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ផងដែរ។ លោកត្រូវបានចាប់ខ្លួន និងធ្វើការស៊ើបអង្កេតកាលពីឆ្នាំ ២០១៤ ដែលជាពេលលោកបានផុតអណត្តិ។ លោក Ling បានសារភាព ចំពោះមុខតុលាការថា «ខ្ញុំសូមទទួលយកការចោទប្រកាន់ទាំងអស់។ ការកាត់ក្តីថ្ងៃនេះ នឹងចារទុកនៅក្នុងការ ចង់ចាំរបស់ខ្ញុំជានិច្ច»។
ចំពោះរដ្ឋាភិបាលដែលដឹកនាំដោយប្រធានាធិបតីលោក ស៊ី ជិនពីង បានប្តេជ្ញាចាប់តាំងពីការឡើងកាន់តំណែងនៅឆ្នាំ ២០១៣ មកម្ល៉េះថា នឹងលុបបំបាត់អំពើពុករលួយគ្រប់ទម្រង់ក្នុងជួររាជការ ដែលកន្លងមកនេះមន្ត្រីទាំងតូចទាំងធំជា ច្រើនបានទទួលការស៊ើបអង្កេត និងខ្លះត្រូវបានកាត់ទោសរួចមកហើយ ពាក់ព័ន្ធនឹងអំពើពុករលួយ។ បន្ថែមពីនេះទៀត សូម្បីតែមហាសេដ្ឋី ដែលរកស៊ីខុសច្បាប់មួយចំនួន ក៏ត្រូវបានរដ្ឋាភិបាលចិនបោសសម្អាតផងដែរ៕