(កំពង់ធំ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានលើកឡើងថា សមិទ្ធផលដែលសម្រេចបានទាំងអស់ គឺកើតឡើងដោយសារ​ការខិតខំ​ប្រឹង​ប្រែង ​​​របស់រាជរដ្ឋាភិបាល និងការរក្សាបានសន្តិភាពពេញលេញ និងស្ថិរភាពនយោ​បា​យ។

ការលើកឡើងរបស់លោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ជាចាន់តូ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ពិធីបុណ្យឆ្លងឧបដ្ឋាន សាលា និងសមិទ្ធផលនានាវត្តក្រសាំងតេនហៅវត្តល្វា ស្ថិតនៅឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣។

លោក ជា ចាន់តូ បានលើកឡើងថា ពុទ្ធចក្រ និងអាណាចក្រត្រូវដើរទន្ទឹមគ្នា ដោយត្រូវពឹងគ្នាទៅវិញទៅមក និងជួយទំនុកបម្រុងគ្នាទៅវិញទៅមក ពោលមិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ ជាក់ស្ដែងដូចសមិទ្ធផលសម្រេចបាន និងធ្វើបុណ្យឆ្លងនៅថ្ងៃនេះបានឆ្លុះបញ្ចាំងឱ្យឃើញ ពីជំនឿយ៉ាងខ្ជាប់ខ្ជួន និងការគោរពប្រតិបត្តិជាប់ខ្ជាន ចំពោះព្រះពុទ្ធសាសនា ហើយបានបង្ហាញនូវការគាំទ្ររបស់បងប្អូនប្រជាជន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ផងដែរ។

លោក ជា ចាន់តូ បានរំលឹកថា អ្វីៗដែលទទួលបានសព្វថ្ងៃ កើតចេញពីការខិតខំប្រឹងប្រែងយូរអង្វែង ដូចនេះរាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា តែងតែខិតខំប្រឹងប្រែងថែរក្សាការពារសមិទ្ធផលទាំងនេះ និងបន្តពង្រឹងស្ថិរភាពនយោបាយ សន្តិភាព សន្តិសុខ និងសុវត្ថិភាព ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដូច្នេះដើម្បីបន្តនិរន្តរភាពបន្តទៀតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងជ្រើសរើសគណបក្សណា ដែលបម្រើបងប្អូនប្រជាពលរដ្ឋពិតប្រាកដ និងជាគណបក្សដែលនៅជិតបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងជួយទុក្ខធុរៈ ព្រមទាំងអភិវឌ្ឍភូមិ-ឃុំឲ្យមានការរីកចម្រើន។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានឲ្យដឹងថា ឧបដ្ឋានសាលាដែលប្រារព្វបុណ្យឆ្លងនាពេលនេះ មានទំហំ៣៣ម៉ែត្រគុណនឹង២៨,៥ម៉ែត្រ សាលានេះបានចាប់ផ្ដើមកសាងសង់នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ និងកសាងរួចរាល់ជាស្ថាពរនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ក្រោមកម្លាំងសាមគ្គីពីប្រជាជន និងសប្បុសជនជិតឆ្ងាយ ក្នុងនោះលោក ជា ចាន់តូ និងស្រី បានចូលរួមឧបត្ថម្ភថវិកាជាង៦៦,៦៨៣ដុល្លាអាមេរិក៕