(ភ្នំពេញ)៖ លោកស៊ុន ច័ន្ទថន ដែលជាភាគីរងនូវបណ្ដឹងចោទប្រកាន់ពីភាគី២គ្រួសារថា លោកបានសាងសង់ផ្ទះបន្ថែមរំលោភលើដីផ្លូវសាធារណះ ស្ថិតនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានចេញមុខអះអាងថា ការសាងសង់សំណង់បន្ថែមខាងក្រោយផ្ទះរបស់លោកនោះគឺវាមិនមែនជាដីផ្លូវសាធារណះដូចអ្វីដែលដើមបណ្ដឹងចោទប្រកាន់នោះទេ។
លោក ស៊ុន ច័ន្ទថន បានអះអាងថា ផ្ទះរបស់លោកគឺជាបុរីរបស់ធនាគារកាណាឌីយ៉ា ដែលមានរបងខណ្ឌចែកដាច់ពីគ្នា ហើយការសាងសង់ផ្ទះលក់គឺខាងបុរីគេបានទុកដីសល់ខាងក្រោយផ្ទះប្រវែងជាង២ម៉ែត្រ។ ចំណែកដើមបណ្ដឹងពីរគ្រួសារមានផ្ទះនៅទល់ខ្នងគ្នាដែលទិញដីពីបុរីពិភពថ្មី ហើយការសាងសង់ផ្ទះរបស់ដើមបណ្ដឹងគឺសាងសង់មកទល់របងរបស់បុរីកាណាឌីយ៉ាតែម្ដងដោយមិនបានទុកគម្លាតពីរបងនោះឡើយ ហើយក៏គ្មានអ្នកប្ដឹងហាមឃាត់អ្វីដែរ។ ក្រោយៗមកដោយសារតែផ្ទះបុរីសង់លក់ខ្លីៗពេកអ្នកទិញផ្ទះចេះតែនាំគ្នាសាងសង់ពង្រីកបន្ថែមខាងក្រោយទៅទល់ជញ្ជាំងរបងរបស់បុរីដោយមិនមានការហាមឃាត់ឬប្ដឹងផ្ដល់រករឿងពីអ្នកមានផ្ទះជាប់ព្រំឬពីអ្នកមានផ្ទះទល់ខ្នងគ្នាឡើយ។
ប៉ុន្តែពេលដែលលោកមកទិញផ្ទះតពីគេ ហើយធ្វើការសង់ពង្រីកខាងក្រោយទៅទល់របង ខាងបុរីកាណាឌីយ៉ាគេមិនហាមឃាត់ បែរជាភាគីម្ចាស់ផ្ទះទល់ខ្នងគ្នាដែលខ្លួនឯងសង់ផ្ទះទល់ជញ្ជាំងមិនទុកគម្លាតខាងក្រោយចេញមុខប្ដឹងទៅវិញ តាមពិតគឺជាដីសល់ក្រោយផ្ទះ វាមិនមែនជាដីផ្លូវសាធារណះដូចការប្ដឹងចោទប្រកាន់នោះទេ ហើយបើចោទថាលោកសង់រំលោភលើដីផ្លូវ គឺអ្នកប្ដឹងសង់ផ្ទះរំលោភដូចគ្នា ព្រោះការសាងសង់ផ្ទះរបស់គាត់មិនបានទុកគម្លាតពីរបងនោះទេ គឺជាប្រភេទសំណង់អនាធិបតេយ្យ។
សូមបញ្ជាក់ថា ករណីប្ដឹងផ្ដល់គ្នារឿងសាងសង់ផ្ទះបន្ថែមនេះ បានកើតមានឡើងតាំងពីឆ្នាំ២០២១ មកម្ល៉េះ ដោយភាគីដើមបណ្ដឹងមានពីរគ្រួសារបានប្ដឹងចោទប្រកាន់ថា លោក ស៊ុន ច័ន្ធថន បានសាងសង់ផ្ទះបន្ថែមនៅខាងក្រោយរំលោភលើផ្លូវសាធារណះ និងធ្វើអោយបាំងខ្យល់ រួមទាំងធ្វើអោយទឹកហូរជ្រាបចូលទៅខាងផ្ទះរបស់ដើមបណ្ដឹង។ ក្នុងនោះមន្ត្រីអាជ្ញាធរក៏ធ្លាប់បានចុះទៅពិនិត្យ និងដោះស្រាយជាបន្តបន្ទាប់ តែភាគីទាំងសង្ខាងមិនត្រូវរ៉ូវគ្នា ហើយក៏ចេះតែប្ដឹងផ្ដល់គ្នារហូតមក៕