(កំពង់ស្ពឺ)៖ លោក សាំង វណ្ណៈ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំព្រះនិព្វាន ស្រុកគងពិសី នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចូលរួមប្រារព្ធ ខួបលើកទី ១១២ ទិវានារីអន្តរជាតិ ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ដែលធ្វើឡើងនៅក្នុងមូលដ្ឋានឃុំព្រះនិព្វាន ដោយមានកាចូលរួមពីសំណាក់ប្រជាពលរដ្ឋដែលជាអ្នកគ្រូ គ្រូពេទ្យ មន្រ្តីសាខាបក្សភូមិជាស្រ្តី ប្រមាណជាង ១០០នាក់។

ក្នុងពិធីនោះ លោក សាំង វណ្ណៈ បានពានាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំជាពិសេស សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា។ ជាមួយគ្នានោះ លោក សាំង វណ្ណៈ បានជម្រាបជូនអង្គពិធីពីស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន ជាពិសេសកត្តាសន្តិភាព ដែលជាការលះបង់សាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ដែលដាក់ចេញនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាពពេញលេញ នាឆ្នាំ១៩៩៨។

ឆ្លៀតក្នុងឱកាសនោះ លោក សាំង វណ្ណៈបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនោះ និយាយជារួម ប្រជាពលរដ្ឋក្នុងឃុំព្រះនិព្វានទាំងមូល ដែលបានចូលរួមបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២២ ក្នុងការជ្រើសរើសក្រុមប្រឹក្សាឃុំព្រះនិព្វាន ដើម្បីដឹកនាំ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងឃុំព្រះនិព្វានទាំងមូល។

លោកក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈនេះ ក្នុងនាមលោកប្រធាន ជួសមុខឱ្យប្រជាពលរដ្ឋក្នុងឃុំព្រះនិព្វានទាំងមូល សូមថ្លែងអំណរគុណដល់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានសម្រេចដាក់ចេញនូវ គោលនយោបាយចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឃុំព្រះនិព្វានទាំងមូល។

ជាចុងបញ្ចប់ លោក សាំង វណ្ណៈ បាននាំយកនូវអំណោយជាកំណាត់ប៉ាក់មួយសម្រាប់ ដែលជាអំណោយរបស់ក្រុមការងាររបស់លោក ហ៊ុន ម៉ានី ទទួលបន្ទុកចុះជួយឃុំព្រះនិព្វាន ចែកជូនដល់សមាជិកដែលបានចូលរួមក្នុងអង្គពិធី៕