(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំជាស្ត្រី និងអបអរសាទរពិធីរំលឹកខួបទិវា អន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ខួបទី១១២ ក្រោមមូលបទ «ស្រ្តីរួមគ្នារក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុកជាស្រី្ត មន្ត្រីសាលាស្រុក មេឃុំ ស្មៀនឃុំ ក្រុមប្រឹក្សាឃុំជាស្រ្តីទាំង៨ឃុំ មន្រ្តីនគរបាលជាស្រីសរុប ចំនួន៣៩នាក់ ។

ឆ្លៀតក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត ក៏បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អស់លោក លោកស្រីដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។

លោក ហាក់ ម៉ុងហួត បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់តម្លៃស្ត្រី ដោយផ្តល់អនុសាសន៍ជាច្រើនពាក់ព័ន្ធនឹងការងារ និងអត្ថប្រយោជន៍របស់ស្ត្រី នៅតាមក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ក៏ដូចជាវិស័យឯកជន សំដៅធ្វើយ៉ាងណាឲ្យមានការចូលរួមកាន់តែច្រើន និងប្រកបដោយគុណភាព ប្រសិទ្ធភាពការងារពីសំណាក់ស្ត្រី ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ម៉្យាងទៀតស្ត្រីគឺជាឆ្អឹងខ្នងនៃកិច្ចអភិវឌ្ឍន៍សង្គមជាតិនិមួយៗ ដែលជាមាតាពិភពលោកផងដែរ។

នាឱកាសនោះដែរ លោក ហាក់ ម៉ុងហួត ក៏បានផ្តល់ជាការដូរអនុស្សារីយ៍ចែកជូនដល់ស្ត្រី ដែលបានចូលរួមចំនួន ៣៩នាក់ ដោយភាពស្និតស្នាលផងដែរ៕