(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦នេះ បានឆ្មក់ក្របួចជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើសេចក្ដីទុកចិត្ត ដែលបានបោកប្រាស់ជនបរទេសម្នាក់ទៀត កាលពីពេលកន្លងទៅ ដោយអ្នករត់ម៉ូតូរ៉ឺម៉កកង់បីម្នាក់នោះ ត្រូវបានបុរសជនជាតិស្បែកខ្មៅម្នាក់ទៀត ជួលឲ្យដឹកឥវ៉ាន់រើផ្ទះផ្លាស់ទៅកាន់ផ្ទះជួលមួយកន្លែងទៀត តែមិនដឹកយកទៅដាក់តាមគោលដៅនោះឡើយ បែរជាដឹកយកទៅកន្លែងផ្សេង និងបានរុះរើយករបស់មានតម្លៃ លុយកាក់មួយចំនួន ហើយគេចខ្លួនបាត់រហូត។
ជនសង្ស័យខាងលើ មានឈ្មោះ ថន រតនា អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រែកតាអុង៣ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។ ចំណែកបុរសស្បែកខ្មៅម្នាក់នោះ ឈ្មោះ PASCHAL CHIGBOGU អាយុ៥៣ឆ្នាំ ជាជនជាតិនីហ្ស៊េរីយ៉ា មានមុខរបរជាគ្រូបង្រៀនភាសាអង់គ្លេស នៅតាមបណ្ដាខេត្តក្រុងនានា មានដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តកណ្ដាល ខេត្តកំពង់ចាម និងខេត្តជាច្រើនទៀត និងស្នាក់នៅផ្ទះជួលក្នុងភូមិគោក ចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា អ្នករត់ម៉ូតូរ៉ឺម៉កកង់បីអស់លក្ខណ៍ម្នាក់នោះ ត្រូវបានបុរសជនជាតិស្បែកឈ្មោះ PASCHAL CHIGBOGU ជួលឲ្យដឹកឥវ៉ាន់រើផ្ទះផ្លាស់ទៅកាន់ផ្ទះជួលមួយកន្លែងទៀត តែមិនដឹកយកទៅដាក់តាមគោលដៅនោះឡើយ បែរជាដឹកយកទៅកន្លែងផ្សេង និងបានរុះរើយករបស់មានតម្លៃ លុយកាក់មួយចំនួន ហើយគេចខ្លួនបាត់រហូត។ លុះ៣ថ្ងៃក្រោយមក បុរសម្នាក់នេះ ត្រូវបានម្ចាស់ផ្ទះដែលជនបរទេសខាងលើ ជួលស្នាក់នៅមុន ប្រទះឃើញ ក៏ធ្វើជាជួលឱ្យដឹកទៅដល់រង្វង់មូលចោមចៅ រួចក៏សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ធ្វើការឃាត់ខ្លួនបាន កាលពីវេលាម៉ោង១រសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦។
សមត្ថកិច្ចបានបន្តថា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ បុរសជនជាតិនីហ្ស៊េរីយ៉ាម្នាក់នោះ ត្រូវការផ្លាស់ប្ដូរផ្ទះ ចេញពីផ្ទះជួលចាស់ផ្លាស់ទៅកាន់ផ្ទះជួលថ្មី ហើយបានជួលឲ្យជនសង្ស័យ ជួយដឹកយកឥវ៉ាន់ទៅកាន់ផ្ទះថ្មីនោះបន្ទាប់ពីលើឥវ៉ាន់ដាក់លើរ៉ឺម៉កកង់បី រួចហើយ ជនសង្ស័យបានបើកចេញទៅ ដោយជនរងគ្រោះបានជិះកង់តាមពីក្រោយម៉ូតូរ៉ឺម៉កនោះដែរ តែជិះមិនទាន់ ព្រោះជនសង្ស័យបានបើកគេចបាត់ស្រមោល រីឯជនបរទេសរូបនោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ចោមចៅ។ លុះដល់ថ្ងៃនេះ ទើបម្ចាស់ផ្ទះជួលបានប្រទះឃើញជនសង្ស័យ កំពុងស្ថិតនៅមាត់ទន្លេ ស្គាល់ថាជាជនបោកប្រាស់ ក៏ហៅជិះដឹកទៅកាន់រង្វង់មូលថ្នល់បំបែកចោមចៅ និងបានសហការណ៍ជាមួយនគរបាលឃាត់ខ្លួនបានតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ និងកសាងសំណុំរឿងទៅតុលាការ ចាត់ការតាមនីតិវិធីបន្ត៕