(ភ្នំពេញ)៖ ខណៈដែល ឆ្លងកាត់ប្រទេសកម្ពុជា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមស្រី្តជិះម៉ូតូរបស់ប្រទេសឥណ្ឌា បានចូលជួបសម្តែងការគួរសមជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ប្រតិភូស្រី្តជិះម៉ូតូរបស់ប្រទេសឥណ្ឌាចំនួន០៤នាក់ ដែលចូលជួបលោករដ្ឋមន្រ្តីការបរទេសកម្ពុជា ដឹកនាំដោយ លោក Naveen Srivastava ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌា ប្រចាំនៅកម្ពុជា និងលោកស្រីបណ្ឌិត Sarika Mehta ប្រធានក្រុមស្រ្តីជិះម៉ូតូឥណ្ឌា ។
លោកទេសរដ្ឋមន្រ្តី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរឆ្លងកាត់ប្រទេសកម្ពុជារបស់ក្រុមស្រ្តីជិះម៉ូតូឥណ្ឌា និងបានវាយតំលៃខ្ពស់ចំពោះគោលដៅ នៃការធ្វើដំណើររបស់ក្រុមនេះ ក្រោមទិសស្លោក «ការជួយសង្គ្រោះកុមារី និងការអប់រំកុមារី» ដោយលោកបានចាត់ទុកថា ការធ្វើដំណើររបស់ក្រុមស្រ្តីជិះម៉ូតូនេះ ជាការរួមចំណែកដ៏សំខាន់ក្នុងការលើកស្ទួយសមភាពយ៉េនឌ័រ ។
លោកទេសរដ្ឋមន្រ្តី បានកោតសរសើរសេចក្តីក្លាហាន ការពុះពារការលំបាករបស់ក្រុមស្រ្ដីនេះ ដែលបានជិះម៉ូតូធ្វើដំណើរ ជាង ១០.០០០ គ.ម ឆ្លងកាត់ប្រទេសចំនួន១០ ក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលរួមមាន ប្រទេសនេប៉ាល់ ឥណ្ឌា ប៊ូតង់ មីយ៉ាន់ម៉ា ថៃ ឡាវ វៀតណាម កម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី ។
លោកទេសរដ្ឋមន្រ្តី ក៏បានវាយតំលៃខ្ពស់ចំពោះសារដែលក្រុមស្រ្តីជិះម៉ូតូឥណ្ឌា ចង់ផ្ញើជូនពិភពលោកទាំងមូល អំពីសារសំខាន់នៃការសង្គ្រោះ និងការអប់រំកុមារី ហើយលោកបានគូសបញ្ជាក់អំពី ការយកចិត្តទុកដាក់របស់លោកផ្ទាល់ ក៏ដូចជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសិទ្ធកុមារ និង សមភាពរវាងស្រ្តី និងបុរសនៅកម្ពុជា។
លោក Naveen Srivastava ឯកអគ្គរដ្ឋទូតឥណ្ឌា បានជំរាបជូនលោកទេសរដ្ឋមន្រ្តី អំពីការយកចិត្តទុកដាក់ និងការគាំទ្រផ្ទាល់របស់ លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា ចំពោះការធ្វើដំណើររបស់ក្រុមស្រ្តីជិះម៉ូតូឥណ្ឌានេះ ដែលមានគោលដៅលើកស្ទួយ សមភាពរវាងស្រ្តី និងបុរស ហើយនិង ការជួយសង្រ្គោះ និងការអប់រំកុមារី ។ លោកក៏បានគូសបញ្ជាក់ អំពីការតភ្ជាប់រវាងឥណ្ឌា - អាស៊ាន ដែលបានបង្ហាញអោយឃើញ តាមរយៈការធ្វើដំណើរដ៏វែងឆ្ងាយនេះ។
លោកស្រីបណ្ឌិត Sarika Mehta បានសំដែងការរំភើបរីករាយចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ របស់កម្ពុជា ចំពោះក្រុមជិះម៉ូតូរបស់លោកស្រី និងបានជំរាបជូនលោកទេសរដ្ឋមន្រ្តី អំពីគោលបំណង សំខាន់របស់ក្រុមស្រ្តីជិះម៉ូតូនេះ គឺការពាំនាំនូវសារជូនចំពោះពិភពលោកទាំងមូលអោយយកចិត្តទុកដាក់ ខ្លាំងចំពោះកុមារី និងបានបញ្ជាក់ថាការធ្វើដំណើរនេះ មិនត្រឹមតែជាការជំរុញ និងការលើកស្ទួយសិទ្ធិរបស់ កុមារីប៉ុណ្ណោះទេ គឺថែមទាំងជាចំណុចមួយដ៏ល្អ បញ្ជាក់អំពីការផ្សាភ្ជាប់នៅក្នុងតំបន់ ក៏ដូចជានៅលើពិភព- លោកទាំងមូល ។
លោកស្រីបណ្ឌិត Sarika Mehta បានប្រគល់ជូនលោកទេសរដ្ឋមន្រ្តី នូវសារលិខិតរបស់ លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា ផ្ញើជូនសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានបញ្ជាក់អំពីគោលដៅនៃការធ្វើដំណើររបស់ក្រុមស្រ្តីជិះម៉ូតូឥណ្ឌា ហើយនិង ការគាំទ្ររបស់នាយករដ្ឋមន្រ្តីឥណ្ឌាផ្ទាល់ចំពោះគោលបំណងនៃការធ្វើដំណើរនេះ ៕