(កំពង់ចាម)៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា «គ្រូបង្រៀន» ប្រៀបដូចជាឆ្អឹងខ្នងនៃការអភិវឌ្ឍប្រទេស សម្រាប់ជំរុញការរីកចម្រើនលើគ្រប់វិស័យ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេស។ លោកបន្តថា «ពាក្យថាគ្រូ» គឺជាគំរូដល់សិស្សទូទៅ មិនថាសិស្សអ្នកមាន សិស្សអ្នកក្រ ឧកញ៉ា សេដ្ឋី ដើម្បីទទួលបានទាំងចំណេះដឹង និងទំនុកចិត្ត សម្រាប់ជាទុនក្នុងការកសាងអនាគតមួយដ៏ល្អប្រពៃ។
លោក ហេង សួរ ថ្លែងបែបនេះពេលតំណាងលោក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំគ្រប់កម្រិតសិក្សាក្នុងវិស័យសាធារណៈ និងឯកជន នៅទូទាំងស្រុកបាធាយ ចំនួន ១ ២០០នាក់ រៀបចំឡើងនៅវិទ្យាស្ថានអន្តរជាតិបាធាយ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។
លោក ហេង សួរ បានរំលឹកពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលបានស្តារ និងអភិវឌ្ឍប្រទេសជាតិពីបាតដៃទទេ កម្ពុជាបានឆ្លងកាត់នូវដំណាក់កាលគ្រាដ៏លំបាកតោកយ៉ាក គ្មានសាលារៀនគ្រប់គ្រាន់ សម្ភារសិក្សាក៏គ្មាន គ្រូបង្រៀនមានតិចតួចបំផុត ពេលនោះគឺជាដំណាក់កាល អ្នកចេះច្រើនបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ។ លោកបន្តថា តាមរយ:ការប្រឹងប្រែងជំនះគ្រប់ឧបសគ្គ ដៃម្ខាងការពារប្រទេសពីការវិលត្រឡប់នូវរបបខ្មែរក្រហម និងដៃម្ខាងស្តារ និងអភិវឌ្ឍប្រទេសរបស់យើងជាង ៤០ឆ្នាំកន្លងមក ជាពិសេសក្រោយពេលដែលប្រទេសយើងបានទទួលសន្តិភាពពេញលេញ ក្រោយពី សម្តេចតេជោនាយករដ្ឋមន្រ្តី លះបង់គ្រប់បែបយ៉ាងយកអាយុជីវិតធ្វើដើមទុន រហូតសម្រេចបានជោគជ័យទាំងស្រុងនូវការអនុវត្ត នយោបាយ ឈ្នះ-ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
លោក ហេង សួរ បានបន្តដែរថា រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់វិស័យ យ៉ាងឆាប់រហ័ស ហើយមានឱកាសកសាងបាននូវធនធានមនុស្សគ្រប់ប្រភេទ ក្នុងមជ្ឈដ្ឋានសិស្ស និស្សិត បញ្ញាវន្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពិសេសយើងមានគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនជាច្រើន ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីចូលរួមដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេស។
លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង និងសូមលើកទឹកចិត្តឱ្យមានការបន្តការចូលរួមរបស់លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំនៅតាមគ្រឹះស្ថានអប់រំ ដែលសុទ្ធតែជាកាតាលីករ ដ៏សំខាន់ក្នុងការជួយឱ្យគ្រឹះស្ថានអប់រំ កសាងបាននូវកម្លាំងគ្រឹះដ៏រឹងមាំ មានសក្តានុពលក្នុងការជួយស្ថាបនា និងអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង។
ទន្ទឹមនឹងនេះ លោក ហេង សួរ បានបន្តស្នើ ដល់លោកគ្រូ អ្នកគ្រូវិទ្យាល័យទាំង៥នៅក្នុងស្រុកបាធាយ ត្រូវបន្តពង្រឹងគុណភាព ដើម្បីឱ្យសិស្សមានសមត្ថភាព ទទួលបាន និទ្ទេសA ឱ្យមានអត្រាកាន់តែខ្ពស់ ដើម្បីត្រៀមចូលរួមប្រណាំងប្រជែងជាមួយវិទ្យាល័យផ្សេងទៀត នៅទូទាំងខេត្តកំពង់ចាម សម្រាប់ឆ្នាំសិក្សា ២០២៣នេះ។
បើតាមលោក អុន លាងអាន ប្រធានការិយាល័យអប់រំស្រុកបាធាយ ឱ្យដឹងថា នៅក្នុងស្រុកបាធាយ មានសាលាសរុប ៥៨កន្លែង ក្នុងនោះ សាលាបឋមសិក្សា ៤៦កន្លែង អនុវិទ្យាល័យ ៧កន្លែង វិទ្យាល័យ ៥កន្លែង ហើយមានអគារសិក្សាសរុបចំនួន ១៨២ខ្នង ស្មើនឹងចំនួន ៨១៤បន្ទប់ ក្នុងនោះអគារជាអំណោយ សម្តេចតេជោ ហ៊ុន សែន សរុបរួម៥៦ខ្នង ស្មើនឹង៣០៧បន្ទប់៕