(កំពង់ឆ្នាំង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ផ្លូវវាងក្រុងកំពង់ឆ្នាំង រវាងរថយន្ត និងរថយន្តដោយបង្កឲ្យមានមនុស្សម្នាក់រងរបួសធ្ងន់ និងខូចខាតរថយន្ត២គ្រឿងធ្ងន់ធ្ងរ។ ហេតុការ ណ៍កើតគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ៥៖៣៥នាទីល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិ៥ ផ្លូវវាងក្រុងកំពង់ឆ្នាំង ត្រង់ចំណុចផ្លូវបំបែកជា៤ រវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥៣ ស្ថិតក្នុងភូមិគល់គុប ឃុំស្រែថ្មី ស្រុករលាប្អៀរ។

លោក សំ សុខា អធិការរងទទួលផែនចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ រថយន្តទាំង២គ្រឿង បានធ្វើដំណើរខ្វែងទិសគ្នា ដោយរថយន្តមួយគ្រឿងពណ៌ស ដែលជារថយន្តទូក្លាស្សេ ពាក់ស្លាកលេខ AT 22.2 1079 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ពីត្បូងទៅជើង និងរថយន្តមួយគ្រឿងទៀតម៉ាកព្រុសពាក់ស្លាកលេខភ្នំពេញ 2BD-4935 ធ្វើដំណើរតាមផ្លូវជាតិលេខ៥៣ ពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តក្លាស្សេពណ៌សបានបុករថយន្តព្រុសចំពាក់កណ្ដាលរថយន្តពេញទំហឹងបណ្ដាលឲ្យរថយន្តទាំង២គ្រឿងក្រឡាប់ជាច្រើនត្រឡប់ ប៉ើងទៅនៅលើចិញ្ចើមផ្លូវ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រថយន្តបង្កទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនៅកន្លែងកើតហេតុផងដែរ។

លោកអធិការរងខាងលើ បានបញ្ជាក់ឲ្យដឹងទៀតថា ចំណុចផ្លូវបំបែកផ្លូវវាងក្រុងដែលជាផ្លូវប្រសព្វរវាងផ្លូវជាតិលេខ៥៣ និងផ្លូវជាតិលេខ៥ ខាងលើនេះ តាំងពីចាប់ផ្ដើមបើក ឲ្យដំណើរការផ្លូវថ្មីវាងក្រុងនេះមក គឺតែងមានករណីគ្រោះ ថ្នាក់ចរាចរណ៍ជាញឹកញាប់ សមត្ថកិច្ចនគរបាលកម្លាំងកងរាជអាវុធហត្ថ ប្រជាការពារ អាជ្ញាធរ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង តែងតែបានសហការគ្នា ចុះអប់រំណែនាំ និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើផ្លូវជាញឹកញាប់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកអធិការរងក៏សូមផ្ដាំផ្ញើបន្ថែមទៀត តាមរយៈការផ្សព្វផ្សាយព័ត៌មាននេះ ដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ ពិសេសអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥៣ និងផ្លូវជាតិលេខ៥ ត្រង់ផ្លូវវាងក្រុងកំពង់ឆ្នាំង ពេលបងប្អូនធ្វើដំណើរមកដល់ចំណុចផ្លូវប្រសប់ជាបួនខាងលើនេះ ត្រូវតែបង្អង់ល្បឿនដើម្បីឈប់មើលឆ្វេងស្ដាំ ក្រែងមានរថយន្តឆ្លងកាត់ ព្រោះផ្លូវជាតិលេ ខ៥ជាអាទិភាព ប្រសិនបើបងប្អូនអ្នកប្រើប្រាស់ ផ្លូវជាតិលេខ៥៣ មកដល់ចំណុចនេះ ត្រូវតែឈប់រង់ចាំឲ្យរថយ ន្តដែលកំពុងធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៥ដែលជាផ្លូវអាទិភាពឆ្លងកាត់សិន ទើបបងប្អូនអ្នកធ្វើដំណើរលើផ្លូវជាតិលេខ៥៣ អាចឆ្លងកាត់តាមក្រោយ ធ្វើបែបនេះទើបមានសុវត្ថិភាព និងអាចបញ្ជៀសបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ ហេតុនេះសូមបងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវតែចូលរួមអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា៕