(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងសហការី នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦នេះ បានបន្តដំណើរទៅកាន់សាលាអនុវិទ្យាល័យដូងប្រេងតាណី ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ដើម្បីចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរយនាក់ ព្រមទាំងបានចែកនំប៉័ង និងសម្ភារសិក្សាជាច្រើនមុខជូនសិស្សានុសិស្ស នៅទីនោះ បន្ទាប់ពីបានបញ្ចប់ពិធីប្រគល់ស្រះទឹកជូនប្រជាពលរដ្ឋ នៅភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ រួចមក។
លោកស្នងការបានឱ្យដឹងថា «ដោយសារនៅស្នងការដ្ឋាននគរបាលខេត្ត មិនសូវមានប្រេងឥន្ធនៈប្រើប្រាស់គ្រប់គ្រាន់ ប៉ុន្តែយើងមានដំណឹងល្អមួយ ដោយមានសប្បុរសជនម្នាក់ គឺលោក ទៀ វិចិត្រ គាត់បានជួយឧបត្ថម្ភប្រេងសម្រាប់ចាក់រថយន្តដឹកសិស្សបន្តទៀត ក្នុងមួយខែចំនួន៦០០លីត្រ»។
ក្រៅពីនេះ លោកស្នងការ ជួន ណារិន្ទ ក៏បានឧបត្ថម្ភបង់ថ្មអង្គុយ ចំនួន២ឈុត ដាក់ក្នុងទីធ្លាសាលារៀន ដើម្បីទុកសម្រាប់ឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អង្គុយលេងផងដែរ។
លោកស្នងការ បានផ្តាំផ្ញើទៅសិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ស្តាប់បង្គាប់ឪពុកម្តាយ លោកគ្រូអ្នកគ្រូ ជៀសវាងឲ្យបាននូវគ្រឿងញៀន អំពើអបាយមុខផ្សេងៗ ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនទៅមុខ។
ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងឡាយ នៃអនុវិទ្យាល័យដូងប្រេងតាណី បានបង្ហាញនូវទឹកមុខញញឹមយ៉ាងសប្បាយរីករាយ ចំពោះការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់លោកស្នងការខេត្ត ទាំងបញ្ហារស់នៅ ក៏ដូចជាបញ្ហាសន្តិសុខ ជាដើម៕