(បន្ទាយមានជ័យ)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតែងតែណែនាំដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ឱ្យយកចិត្តទុកដាក់លើអាវុធហត្ថជាស្រ្តី, នៅព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាធិបតីភាពអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ខួបលើកទី១១២ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងលោកស្រីអាវុធហត្ថនារី ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ អគាសេនាធិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានកោតសរសើរដល់អាវុធហត្ថនារី ដែលបានចូលរួមយ៉ាងសកម្មភាពដោយមិនខ្លាចនឿយហត់ បម្រើកិច្ចការពារសន្តិសុខ សុវត្ថិភាពប្រទេសជាតិ ទាំងនេះគឺជាការលះបង់យ៉ាងធំធេងរបស់នារី។
លោកបានលើកឡើងថា «ស្ត្រីកម្ពុជាជាកម្លាំងចលករ ដែលបានរួមចំណែកនៃកំណើនសេដ្ឋកិច្ចកន្លងមក ហើយបច្ចុប្បន្នស្ត្រី មានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្តានុពលនៅក្នុងទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងនៅក្នុងតំបន់»។
លោកឧត្តមសេនីយ៍ត្រី បន្តថា «ឆ្លើយតបនឹងមូលបទនេះ យើងត្រូវរួមគ្នាបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយពង្រឹង សមត្ថភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុក ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការងារបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿននៃកិច្ចអភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុ វិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕