(ស្វាយរៀង)៖ យ៉ាងហោចណាស់មនុស្សចំនួន៦នាក់ បានរងរបួសធ្ងន់ស្រាល ដែលបង្កឡើងដោយទាហានចូលនិវត្តន៍ម្នាក់ ស្រវឹងស្រាមានទំនាស់រឿងព្រំដីរបងជាមួយអ្នកជិតខាង រហូតបោកគ្រាប់បែកមួយគ្រាប់ផ្ទុះឡើងកក្រើកដី បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ និងឃាត់ខ្លួនជនបង្ករបានភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ម៉ោង១៩៖២០នាទីយប់ នៅត្រង់ចំណុចភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង មានករណីបោកគ្រាប់បែក បង្កដោយជនសង្ស័យឈ្មោះ អ៊ុំ ផា អាយុ ៦៩ឆ្នាំ ជាយោធាចូលនិវត្តន៍ បច្ចុប្បន្នមានទីលំនៅភូមិឃុំកើតហេតុខាងលើ បានយកគ្រាប់បែកផ្លែប៉ម គប់ចូលផ្ទះជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងរបួសស្រាល៥នាក់ (ស្រី៤នាក់, ក្មេង០២នាក់)។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះដែលរងរបួសធ្ងន់ស្រាលទាំង៦នាក់ ក្នុងហេតុការណ៍គប់គ្រាប់បែកនេះរួមមាន៖

*ទី១៖ ឈ្មោះ ជេត ចាន់ថន ភេទប្រុស អាយុ៦៥ឆ្នាំ (របួសធ្ងន់)
*ទី២៖ ឈ្មោះ ហ៊ីង សារ៉ាន់ ភេទស្រី អាយុ៥៨ឆ្នាំ (របួសស្រាល)
*ទី៣៖ ឈ្មោះ ជេត សុភ័ក្រ ភេទស្រី អាយុ៣៤ឆ្នាំ (របួសស្រាល)
*ទី៤៖ ឈ្មោះ ប៉ែន ស៊ីថា ភេទស្រី អាយុ៥៦ឆ្នាំ (របួសស្រាល)
*ទី៥៖ ឈ្មោះ ព័ណ អ៊ីម៉ី ភេទស្រី អាយុ៣ឆ្នាំ (របួសស្រាល)
*ទី៦៖ ឈ្មោះ ប៉េ ចំណាប់ ភេទប្រុស អាយុ៣ឆ្នាំ (របួសស្រាល)។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ រីឯជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានភ្លាមៗ កំពុងកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕