(កំពង់ធំ)៖ នាឱកាសចាប់ផ្ដើមពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំនោះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ធំ បានដឹកនាំសកម្មភាពដាំដើមឈើប្រមាណជាង១០០ដើម នៅសួនអាពាហ៍ពិពាហ៍ស្ថិតនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីជំរុញស្មារតីនិងសកម្មដាំដើមឈើ ថែរក្សាការពារព្រៃឈើ និងចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងបទល្មើសព្រៃឈើជាដើម។

សកម្មភាពដាំដើមឈើខាងលើនេះធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ក្រោមវត្តមានលោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្ត្រីរាជការ នៃក្រសួង-ស្ថាប័នទាំងពីរ មន្ទីរ-អង្គភាពជុំវិញខេត្ត ខណ្ឌនិងសង្កាត់រដ្ឋបាលជលផល យុវជនកាយឫទ្ធ យុវជន ស.ស.យ.ក ក្រុមនិស្សិត អ.ម.ត សិស្សានុសិស្ស សរុបប្រមាណ២២០០នាក់។

នាឱកាសនោះ លោកអភិបាលរងខេត្ត អ៊ុន បុត្ត បានលើកឡើងថា ការដាំដើមឈើនាឱកាសនេះគឺជាសកម្មភាពបង្ហាញឱ្យឃើញការស្រឡាញ់បរិស្ថាន ស្រឡាញ់សហគមន៍។ ការដាំដើមឈើមួយដើមនៅថ្ងៃនេះ ស្មើនឹងការសន្សំទ្រព្យដ៏ធំធេងសម្រាប់ការរស់នៅរបស់កូនចៅជំនាន់ក្រោយ។

លោកអភិបាលរងខេត្តបានថ្លែងថា «សកម្មភាពដាំដើមឈើនៅថ្ងៃនេះនឹងក្លាយទៅជាចលករជួយជំរុញមហាជនឱ្យបន្តចូលរួមដាំដើមឈើឡើងវិញ និងចូលរួមថែរក្សាការពារព្រៃឈើដែលមានស្រាប់សម្រាប់បច្ចុប្បន្ន និងទៅអនាគត»

លោក អ៊ុន បុត្ត ក៏បានលើកឡើងអំពីសារសំខាន់នៃព្រៃឈើដែលជាធនធានមិនអាចកាត់ថ្លៃបាន ផ្ដល់អត្ថប្រយោជន៍ទាំងសង្គម និងសេដ្ឋកិច្ច ទាំងពេលបច្ចុប្បន្ន និងអនាគត។ ព្រៃឈើជួយកាត់បន្ថយការបំពុលបរិស្ថាន កាត់បន្ថយសំណឹករីករិលដៃ រក្សាគុណភាពទឹកនិងខ្យល់ ដើមឈើបានបន្ថែមនូវសោភ័ណភាព ពិសេសជួយរក្សាតុល្យភាពអាកាសធាតុផងដែរ។

ជាមួយគ្នានោះ លោករដ្ឋលេខាធិការ តុប សុភ័ក បានឱ្យដឹងថា កម្ពុជាគឺជាប្រទេសដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ សម្បត្តិធនធានធម្មជាតិ ដែលអំណោយផលដល់ការបង្កើតនូវសក្ដានុពលអេកូទេសចរណ៍ ដែលជាគោលដៅនិងផលិតផលទេសចរណ៍មួយដ៏ទាក់ទាញ។

លោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ពិសេសគូស្វាមីភរិយាថ្មី អាចមកដាំដើមឈើនៅសួនអាពាហ៍ពិពាហ៍នេះឱ្យបានគ្រប់គ្នា ព្រោះការដាំដើមឈើនេះមិនមែនសម្រាប់តែទេសចរនោះទេ ពិសេសគឺសម្រាប់គូស្វាមីភរិយាថ្មីនេះតែម្ដង អាចដាំក្រោយពេលរៀបចំការហើយ ហើយមកថែរក្សាឱ្យបានរស់រាន លូតលាស់ធនធាត់ ទុកសម្រាប់កូនចៅជំនាន់ក្រោយ និងបណ្ដុះស្មារតីដាំដើម ថែរក្សាការពារព្រៃឈើបន្តទៀតដែរ។

លោក តុប សុភ័ក បានបន្តថា សម្រាប់ក្រសួងទេសចរណ៍ គឺមានយុទ្ធនាការ «ទេសចរមួយនាក់ ដើមឈើមួយដើម» ដូច្នេះទេសចរមួយលាននាក់ គឺនឹងបានដើមឈើយ៉ាងតិច១លានដើមដែរ។ លោកថា តាមខេត្តនីមួយៗ ត្រូវមានកន្លែងសម្រាប់ឱ្យទេសចរដាំដើមឈើ។

លោករដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា «ដើមឈើអាចខ្វះមនុស្សបាន តែមនុស្សមិនអាចខ្វះដើមឈើបានទេ» ពោលគឺនៅកន្លែងណាក៏យើងត្រូវការដើមឈើដែរ សូម្បីតែបន្ទប់ធ្វើការ។ លោកបានក៏បានអំពាវដែរថា ប្រសិនបើមិនបានចូលរួមដាំដើមឈើទេ ក៏កុំចូលរួមបំផ្លាញ គួរតែចូលរួមថែទាំការពារទាំងអស់គ្នា។

លោកបន្ថែមទៀតថា «ដើមឈើជួយទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្ត ជំរុញឱ្យសេដ្ឋកិច្ចសហគមន៍កាន់តែប្រសើរឡើង ទីណាមានដើមឈើ ទីនោះមានទេសចរ»

គូរជម្រាបថា កូនឈើដែលបានរៀបចំដាំនាឱកាសនោះ គឺមានចំនួនសរុបប្រមាណជាង១០០ដើម ភាគច្រើនជាប្រភេទដើមធ្នង់ ដើម​បេង ដើមនាងនួន ដែលសុទ្ធតែជាប្រភេទឈើប្រណីត៕