(បាងកក)៖ ក្នុងគោលបំណងពន្លឿនការកែទម្រង់ប្រព័ន្ធ ថវិកានៅកម្ពុជា ពិសេសដើម្បីបន្តកែលម្អ និងធ្វើឱ្យកាន់តែប្រសើរឡើងនូវការរៀបចំ និងគ្រប់គ្រងថវិកាជាតិ ដែលជាផ្នែកមួយដ៏សំខាន់ នៃកម្មវិធីកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមការចាត់តាំងរបស់លោកបណ្ឌិតទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បាន និងកំពុងដឹកនាំមន្រ្តីជំនាញជាន់ខ្ពស់ របស់ក្រសួងប្រមាណ២០រូប ធ្វើទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធការរៀបចំថវិកា និងការកែទម្រង់ប្រព័ន្ធថវិកាជាតិក្នុងរយៈពេលមួយសហ្តហ៍ ពីថ្ងៃទី០៤-០៨ ខែកក្ដដា ឆ្នាំ២០១៦ នៅប្រទេសថៃ។
លោក វង្សី វិស្សុត បានថ្លែងថា គោលបំណង នៃទស្សនកិច្ចសិក្សានេះ គឺដើម្បីសែ្វងយល់អំពីដំណើរការ នៃការកែទម្រង់ប្រព័ន្ធថវិកា ពិសេសដកបទពិសោធន៍នូវចំណុចខ្លាំង និងចំណុចខ្សោយ នៅក្នុងការគ្រប់គ្រងថវិកាផ្អែកលើកម្មវិធី និងសមិទ្ធិកម្មពិសេស នៅក្នុងដំណាក់កាល នៃការផ្លាស់ប្តូរពីប្រព័ន្ធថវិកាផ្អែកលើធាតុចូល ទៅជាប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម ឬលទ្ធផល ដែលប្រទេសថៃ បានអនវត្តកិច្ចការនេះ ប្រមាណជាង២០ឆ្នាំមកហើយ។ ទន្ទឹមនឹងនេះ មន្រ្តីជំនាញជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏នឹងធ្វើការ ចែករំលែកបទពិសោធន៍ជាមួយនឹងមន្រ្តីជំនាញជាន់ខ្ពស់ពាក់ព័ន្ធ នៃក្រសួងស្ថាប័ននានារបស់ថៃ ដូចជាស្ថាប័ន ទទួលបន្ទុករៀបចំថវិកា ក្រសួងហិរញ្ញវត្ថុ ក្រសួងអប់រំ និងក្រសួងសុខាភិបាល ចាប់តាំងពីដំណាក់កាល នៃការរៀបចំថវិកា រហូតទៅដល់ដំណាក់កាលនៃការអនុវត្ត និងតាមដានត្រួតពិនិត្យ និងការវាយតម្លៃការ អនុវត្តថវិកា។
លោក វង្សី វិស្សុត បានគូសបញ្ជាក់ផងដែរថា មេរៀនបទពិសោធន៍ របស់ប្រទេសថៃ នៅក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ ពិសេសចំណុចល្អ ចំណុចខ្វះចន្លោះ និងកំហុសទាំងឡាយ ដែលគួរជៀសវាង នៅក្នុងការរៀបចំនិងគ្រប់គ្រងថវិកាជាតិ គឺជាមេរៀនដ៏ល្អមួយដែលកម្ពុជា គួរស្វែងយល់ ដើម្បីបន្តកែលំអរការរៀបចំ និងការគ្រប់គ្រងថវិកាជាតិ របស់ខ្លួនទាំងនៅក្នុងផ្នែកចំណូល ទាំងនៅក្នុងផ្នែក ចំណាយ និងទាំងនៅក្នុងកម្រិតវិភាជន៍ ចំណាយនិងទាំងនៅក្នុងកម្រិតប្រតិបត្តិការចំណាយ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងអាទិភាពគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ជាពិសេសដើម្បីបម្រើឱ្យបានកាន់តែប្រសើរឡើង នូវផលប្រយោជន៍របស់ប្រទេសជាតិ ការអភិវឌ្ឍប្រទេស ការទ្រទ្រង់ដល់កំណើន និងការធានាសមធម៌សង្គមព្រមទាំងការបង្កើនគុណភាពសេវាសាធារណៈ៕