(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិលបានឱ្យដឹងថា អាកាសយានដ្ឋានសៀមរាបអង្គរចាស់ នឹងត្រូវបិទជាស្ថាពរ បន្ទាប់ពី គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។
លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកពាក្យអាកាសចរស៊ីវិលបានឱ្យដឹងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងដំណាច់ខែមីនា ឆ្នាំ២០២៣នេះ និងត្រៀមធ្វើតេស្តសាកល្បង នៅអំឡុងខែឧសភា ឬមិថុនា ដើម្បីឈានទៅដាក់ដំណើរការជាផ្លូវការ នៅខែតុលា ឆ្នាំ២០២៣ខាងមុខ។ បើគិតមកដល់ត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ការសាងសង់សម្រេចបានប្រមាណ៨៦%ហើយ។
បើមិនមានអ្វីប្រែប្រួលទេ ពិធីសម្ពោធដាក់ឱ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីនេះ នឹងរៀបចំឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលចិន។
លោកបានឱ្យដឹងដែរថា ក្រោយការដាក់ដំណើរការអាកាសយានដ្ឋានថ្មីនេះ អាកាសយានដ្ឋានសៀមរាបចាស់នឹងត្រូវបិទដំណើរការជាស្ថាពរ ដោយសារតែអាកាសយានដ្ឋានថ្មី មានសមត្ថភាពអាចទទួលអ្នកដំណើរបានច្រើន រហូតដល់៧លាននាក់ក្នុងមួយឆ្នាំ។
លោកបញ្ជាក់ថា ចំពោះទីតាំងអាកាសយានដ្ឋានសៀមរាបចាស់ បន្ទាប់ពីបិទដំណើរ មិនទាន់មានគម្រោងថានឹងយកទៅធ្វើអ្វីនោះទេ អាស្រ័យលើការសម្រេចរបស់ថ្នាក់ដឹកនាំ។
បើតាម លោក ស៉ីន ចាន់សិរីវុត្ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ជាប្រភេទអាកាសយានដ្ឋានអន្តរជាតិកម្រិត/លំដាប់ថ្នាក់ 4E ដែលអាចទទួលការចុះចតយន្តហោះប្រភេទធំ និងមកពីរឆ្ងាយៗ ព្រមទាំងទទួលអ្នកដំណើរបានពី៧លាននាក់ ទៅ១០លានក្នុងមួយឆ្នាំ និងមានឃ្លាំងផ្ទុកទំនិញបានរហូតដល់១០ម៉ឺនតោនក្នុងមួយឆ្នាំផងដែរ។
ចំណែកទុននៃការសាងសង់អាកាសយានដ្ឋាននេះ បានកើនឡើងដល់ជាង ១១០០លានដុល្លារ ដោយសារតែវិបត្តិផ្សេងៗ ដែលធ្វើឱ្យតម្លៃសាងសង់កើនឡើង លើសតម្លៃដែលបានគ្រោងទុក ពីដំបូងក្រោមទុនវិនិយោគប្រមាណ ៨៨០លានដុល្លារ។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co.,Ltd(AIAI) ។ អាកាសយានដ្ឋានអន្តរជាតិនេះ បាននិងកំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះ មិនធ្វើឱ្យប៉ះពាល់ដល់តំបន់ការពារបេតិកភណ្ឌនោះទេ។
ដោយឡែកព្រលានយន្តហោះសៀមរាបកំពុងដំណើរការបច្ចុប្បន្ន ជាការវិនិយោគដោយ ក្រុមហ៊ុនសម្បទានព្រលានយន្តហោះ (SCA) របស់ប្រទេសបារាំង ដែលមានសិទ្ធិគ្រប់គ្រងព្រលានយន្តហោះទាំង៣ (ភ្នំពេញ សៀមរាប និងព្រះសីហនុ) រហូតដល់ឆ្នាំ២០៤០។ ចំពោះព្រលានយន្តហោះសៀមរាបនេះ រាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការចរចាមួយជាមួយ SCA ដើម្បីសម្របសម្រួលបញ្ចប់កិច្ចសន្យាមុនកាលកំណត់៕