(ភ្នំពេញ)៖ ក្រុមវិស្វករជានារីកម្ពុជា និងចិន មកពីក្រុមហ៊ុនសាងសង់របស់ចិន បានរួមគ្នាយកគ្រាប់ធញ្ញជាតិ៥ប្រភេទ ទៅផ្គុំជារូបភាព បង្ហាញពីចំណងសាមគ្គីភាពរវាងវិស្វករជានារីកម្ពុជា និងចិន។
ព្រឹត្តិការណ៍យកគ្រាប់ធញ្ញជាតិទៅផ្គុំជារូបភាពនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនចិន China Construction Third Engineering Bureau ដែលជាក្រុមហ៊ុនកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ, គម្រោងខុនដូសហគមន៍ URBAN VILLAGE ដំណាក់កាលទី២, គម្រោងធនាគារ FTB និងគម្រោងខុនដូសហគមន៍ R&F CITY។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិលើកទី១១២។
គ្រាប់ធញ្ញជាតិទាំង៥ ដែលយកមកផ្គុំជារូបភាពនេះ រួមមាន អង្ករ សណ្តែកសៀង សណ្តែកលឿង សណ្តែកខ្មៅ និងសណ្តែកក្រហម។ គ្រាប់ធញ្ញជាតិទាំងប្រាំនេះ មានដើមកំណើតក្នុងរាជវង្សថាង ដែលជារជ្ជកាលដ៏រុងរឿងមួយនៅក្នុងប្រទេសចិន។ ការយកគ្រាប់ធញ្ញជាតិទាំង៥មកផ្គុំជារូបភាពនាពេលនេះ ជានិមិត្តរូបឱ្យភាពរុងរឿង និងសម្បូរសប្បាយរបស់ប្រជាជនកម្ពុជា និងចិន។
ក្នុងថ្ងៃអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ក្រុមវិស្វករជានារីកម្ពុជា និងចិន បានជ្រើសរើសយកគ្រាប់ធញ្ញជាតិដែលមានក្នុងប្រទេសកម្ពុជា មកផ្គុំជាគំនូរ ដើម្បីបង្ហាញពីការរំពឹងទុករបស់ពួកគេសម្រាប់ការប្រមូលផលនូវធញ្ញជាតិទាំងនោះជាមួយភោគផលល្អ និងជូនពរខ្លួនឯង មិត្តភ័ក្តិ និងក្រុមហ៊ុនឱ្យជួបតែភាពរុងរឿង។
កញ្ញា Yu Qingxia ប្រធានក្រុមការងារនៃគម្រោង បានលើកទឹកចិត្តដល់និយោជិតជាស្ត្រី ឱ្យសរសេរពាក្យប្រាថ្នារបស់ពួកគេ ហើយដាក់ក្នុងប្រអប់ បន្ទាប់មកក្រុមហ៊ុននឹងព្យាយាមបំពេញបំណងប្រាថ្នាទាំងនោះ។
កញ្ញា ចែម ចន្ធី ដែលជាអ្នកគូរប្លង់សម្រាប់គម្រោងធនាគារ FTB បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិនាថ្ងៃនេះ គឺជាកម្មវិធីដ៏ពិសេសបំផុត ដែលកញ្ញាមិនធ្លាប់បានឆ្លងកាត់ពីមុនមកនោះ។
កញ្ញា ចន្ធី បានបញ្ជាក់ថា «ខ្ញុំទទួលបាននូវបពិសោធន៍ជាច្រើនពីទំនាក់ទំនងជាមួយវិស្វករមកពីប្រទេសផ្សេងៗ និងគម្រោងផ្សេងៗ តាមសកម្មភាពដែលរៀបចំដោយក្រុមហ៊ុនដ៏មានភាពកក់ក្តៅ»។
ព្រឹត្តិការណ៍ផ្គុំរូបភាពចេញពីគ្រាប់ធញ្ញជាតិនេះ បានបង្កើតវេទិកាផ្លាស់ប្តូរវប្បធម៌សម្រាប់វិស្វករជានារីកម្ពុជា និងចិន និងបានជាចំណែកពង្រឹងមិត្តភាពរវាងបុគ្គលិក នៃប្រទេសទាំងពីរ និងបានលើកទឹកចិត្តស្ត្រី ឱ្យកាន់ដៃគ្នា និងប្រើកម្លាំងដ៏អស្ចារ្យរបស់ពួកគេក្នុងវិស័យឧស្សាហកម្មសំណង់៕