(ភ្នំពេញ)៖ ក្នុងទិវានារីអន្តរជាតិ ៨មីនា លោកស្រីឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជាម្ចាស់សហគ្រាសផលិតនំស្រួយ លី​ លី បានថ្លែងសារផ្តាំផ្ញើទៅស្ត្រីទាំងឡាយ ត្រូវមានជំនឿចិត្តលើខ្លួនឯង ហើយត្រូវគិតថាខ្លួនមានសមត្ថភាពធ្វើការងារធំៗបាន និងត្រូវប្រឹងប្រែងអភិវឌ្ឍខ្លួនផងដែរ ក្នុងយុគសម័យឌីជីថលនេះ។

ក្នុងកិច្ចសម្ភាសជាមួយ Fresh News លោកស្រីឧកញ៉ា កែវ មុំ បានថ្លែងបន្ថែមទៀតថា ធម្មជាតិរបស់ស្ត្រី ធ្វើអ្វីគឺល្អិតល្អន់ ហ្មត់ចត់ និងច្បាស់លាស់ ហើយស្ត្រីតែងតែធ្វើអ្វីចង់ឲ្យបានល្អ និងសម្រេចជោគជ័យផងដែរ។ លោកស្រី ក៏បានថ្លែងដែរថា ស្ត្រីពិតជាបានចូលរួមជាច្រើន ក្នុងការជួយការងារអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

លោកស្រី កែវ មុំ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងទិវានារីអន្តរជាតិ សូមបងប្អូនស្ត្រីទាំងអស់ ធ្វើអ្វីត្រូវជឿជាក់លើខ្លួនឯង ធ្វើអ្វីក៏ដោយត្រូវគិតថា យើងជាមាតានៃពិភពលោក ដែលបានបង្កើតធនធានមនុស្ស បង្កើតគាត់ហើយបណ្តុះបណ្តាលបង្ហាត់បង្រៀន ឲ្យគាត់ធ្វើអ្វីៗដែលជាផលប្រយោជន៍ដល់ប្រទេសជាតិ ជួយគាំទ្រជួយអភិវឌ្ឍសេដ្ឋកិច្ចយើងផងដែរ។ ដូច្នេះហើយ បើសិនជាស្ត្រីបានជួយនៅក្នុងសេដ្ឋកិច្ច នៅក្នុងសង្គមជាច្រើន ខ្ញុំជឿជាក់ថាប្រទេសសកម្ពុជា នឹងមានការរីកចម្រើនលឿនផងដែរ ដោយសារស្ត្រីយើងធ្វើអ្វីគឺល្អិតល្អន់ ហ្មត់ចត់ ច្បាស់លាស់ ហើយធ្វើអ្វីចង់ឲ្យបានល្អ និងសម្រេចជោគជ័យ ទាំងអស់នេះហើយ ជាធម្មជាតិរបស់ស្ត្រី»

សូមជម្រាបថា ពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើង​ជារៀង​រាល់​ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។ ក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធទិវានារីអន្តរជាតិ ក្រោមមូលបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសមយ័ឌីជីថល»

បើតាមលោកស្រី កែវ មុំ ប្រធានបទនេះមានសារៈសំខាន់ណាស់ ហើយស្របតាមបរិបទសង្គមផងដែរ ហើយលោកស្រីបានសង្កេតឃើញថា ស្ត្រីដែលប្រកបអាជីវកម្មដោយប្រើប្រាស់បច្ចេកវិទ្យា មានការរីកចម្រើនខ្លាំងណាស់ ជាពិសេសការលក់តាមអនឡាញ៕