(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ឲ្យដឹងថា កម្ពុជា និង មីយ៉ាន់ម៉ាគាំទ្រទាំងស្រុង ចំពោះលើការចរចាដោះស្រាយ ជម្លោះអំពីបញ្ហាសមុទ្រចិនខាងត្បូង ដោយសន្តិភាពរវាងភាគីពាក់ព័ន្ធទាំងអស់។ សម្តេចតេជោ ពេញចិត្តចំពោះគោលនយោបាយ៥ចំណុច របស់ប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះមានចំណុចដ៏សំខាន់បំផុតមួយគឺ ថែរក្សាសន្តិភាព។ ប្រសិនបើគ្មានសន្តិភាពហើយ គឺនឹងគ្មានអ្វីៗទាំងអស់ រួមទាំងឱកាសនៃការ អភិវឌ្ឍន៌ប្រទេសជាតិ។ តាមពិតទៅប្រទេសយើងទាំងពីរ មានវប្បធម៌ប្រហាក់ប្រហែលគ្នា ហើយធ្លាប់មានទំនាក់ទំនង ជាមួយគ្នាជាយូរមកដូចជា តាមរយៈកិច្ចទំនាក់ទំនងផ្នែកព្រះពុទ្ឋសាសនាជាដើម។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ខណៈសម្តេច អនុញ្ញាតឱ្យ លោក Myint Soe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ាថ្មីប្រចាំនៅកម្ពុជា ចូលជួបសំដែង ការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦។
លោក Myint Soe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាថ្មីប្រចាំនៅកម្ពុជា បានជំរាបជូន សម្តេចតេជោថា មុនពេលមកកាន់ប្រទេសកម្ពុជា លោកបានធ្វើជាអនុប្រធានបេសកកម្ម នៅក្រុងហ្សឺណែវ ហើយបេសកកម្មរបស់លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៌ និងអបអរសាទរចំពោះលោក Myint Soe ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៅកម្ពុជានាពេលនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ ដល់មីយ៉ាន់ម៉ា ដែលបានថែរក្សានូវចំណងមិត្តភាព សហប្រតិបត្តិកាល្អ និងបានផ្តល់នូវអាហារូបករណ៍ ដល់កម្ពុជា សម្រាប់ការសិក្សាស្រាវជ្រាវផ្នែក ព្រះពុទ្ធសាសនានៅប្រទេសនេះ៕