(កំពង់ធំ)៖ នាឱកាសរៀបចំពិធីបុណ្យទន្លេលើកទី៧នៅខេត្តកំពង់ធំ រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការរៀបចំបុណ្យក៏ខិតខំជំរុញស្មារតីនិងសកម្មភាពកីឡាទៅដល់កីឡាករ-កីឡាការនី និងប្រជាជនទូទៅ ដើម្បីរួមគ្នាឆ្ពោះទីកាន់ការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខផងដែរ។

គួរជម្រាបថា ព្រឹត្តិការណ៍ស៉ីហ្គេម (SEA Games) នឹងធ្វើឡើងចាប់ផ្តើមពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ចាប់ផ្តើមពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ៥៨ថ្ងៃទៀតប៉ុណ្ណោះ។

រាល់កិច្ចប្រជុំត្រៀមរៀបចំកិច្ចការនានាក្នុងពិធីទន្លេលើកទី៧ លោករដ្ឋមន្ត្រី ថោង ខុន ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC តែងតែជំរុញដល់អនុគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាក្នុងពិធីបុណ្យទន្លេ ឱ្យបន្តការផ្សព្វផ្សាយ បញ្ជ្រាបដល់ប្រជាជនពីការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនេះ និងត្រូវកៀរគរឱ្យមានការចូលរួមលេងកីឡា និងជំរុញឱ្យមានការរៀបចំទីលានលេងកីឡាច្រើនប្រភេទ។

តួយ៉ាងនៅក្នុងពិធីបុណ្យទន្លេនេះដែរ អនុគណៈកម្មការក៏បានរៀបចំឱ្យមានទីលានបាល់ទាត់ បាល់ទះលើឆ្នេរខ្សាច់នាមាត់ស្ទឹងសែន ប្រដាល់គុនខ្មែរ ព្រមទាំងជាមួយបដាផ្សព្វផ្សាយអំពីវិស័យកីឡាជាច្រើន ការឆ្ពោះទីកាន់ព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ជាមួយគ្នានោះ លោក ថោង ខុន បានបញ្ជាក់ថា «ឱកាសបុណ្យទន្លេនេះក៏នឹងមានការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៉ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ ព្រមទាំងខ្លឹមសារនៃដំណើរឈានឆ្ពោះទៅស៉ីហ្គេមដល់ប្រជាជននៅក្នុងខេត្តកំពង់ធំផងដែរ»

សូមជម្រាបថា ពិធីបុណ្យទន្លេលើកទី៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)។ ពិធីបើកជាផ្លូវការនឹងត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នារាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ តាមបណ្ដោយដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕