(ភ្នំពេញ)៖ អតីតអ្នកគ្រាំទ្របក្សប្រឆាំងប្តូរផ្តាច់ និងតែងតែវាយប្រហារលើសម្តេចតេជោ ហ៊ុន សែន និងបក្សប្រជាជនកម្ពុជា ដែលគេស្គាល់ថា «ធី ចរចា» បានបង្ហាញទឹកចិត្តរីករាយក្រោយពេល​សម្តេច​មិនប្រកាន់ទោសខ្លួន ហើយផ្តល់ការអនុញ្ញាតឱ្យចូលរួមរស់ជាមួយបក្សប្រជាជនកម្ពុជា។

លោក ធី ចរចា គឺជាពលរដ្ឋខ្មែរកំពុងរស់នៅលើទឹកដីអាមេរិក។ កាលដើមឡើយ ជាពិសេសចាប់តាំង​ពីអំឡុងឆ្នាំ២០១៣មក លោក ធី ចរចា គឺជាបុគ្គលមួយរូបគាំទ្រអតីត​គណ​បក្ស​សង្គ្រោះជាតិយ៉ាងប្តូរ​ផ្តាច់។ បន្ថែមពីលើនោះ តាមបណ្តាញសង្គមហ្វេសប៊ុក លោកតែងតែចេញសារ អសុរោះជាច្រើនវាយ​ប្រហារ​លើសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគណបក្សប្រជាជនកម្ពុជា។

តែនៅពេលថ្មីៗនេះ លោក បានប្តូរជំហរពីការវាយប្រហារសម្តេចតេជោ និងបក្សប្រជាជនកម្ពុជា មកគាំទ្រសម្តេចតេជោ និងបក្សប្រជាជនកម្ពុជាវិញ។

ការប្តូរជំហររបស់លោក ធី ចរចា ទទួលបានការស្វាគមន៍ពីសម្តេចតេជោនាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន មេដឹកនាំដែលមានក្តីអនុគ្រោះខ្ពស់ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ បានប្រកាសស្វាគមន៍លោក ធី ចរចា ចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សមាជិកបក្សប្រជាជនកម្ពុជា ដែលកំពុងរស់​នៅសហរដ្ឋ​អាមេរិក ឱ្យស្វាគមន៍លោក ធី ចរចា ផងដែរ។

តាមរយៈវីដេអូផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ លោក ធី ចរចា បានសម្តែងក្តីរីករាយចំពោះក្តីអនុគ្រោះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ បន្ទាប់បានភ្លើងខៀវពីសម្តេចតេជោហើយនោះ លោក ធី ចរចា បានប្រកាសពីបំណងមកលេង​ស្រុកខ្មែរ ហើយលោក ក៏បានអំពាវនាវខ្មែរដែលធ្លាប់ប្រឆាំងឱ្យចូលរួមរស់ជាមួយ​គណបក្សប្រជាជន​កម្ពុជាផងដែរ។

លោក ធី ចរចា ក៏បានលើកឡើងក្នុងវីដេអូនោះផងដែរថា ការដែលខ្លួនគាំទ្របក្សប្រឆាំង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមកនេះ មិនមានទទួលបានផលអ្វីនោះទេ។ ផ្ទុយទៅវិញនៅពេលនេះ ក្រុមបក្ស​ប្រឆាំង​បានឈ្លោះប្រកែក និងបែកខ្ញែកគ្នាអស់ទៅហើយ។

លោក ធី ចរចា បានថ្លែងយ៉ាងដូច្នេះ «ពេលនេះយើងរួមគ្នាមកការពារនយោបាយសន្តិភាព​របស់​សម្តេចតេជោ រួមគ្នាចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ»។

ជាការកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ អតីតអ្នកគាំទ្របក្សប្រឆាំងទាំងនៅក្នុងស្រុក និងក្រៅស្រុក បាននិងកំពុងប្តូរជំហរពីប្រឆាំង មកគាំទ្រសម្តេចតេជោ និងបក្សប្រជាជនវិញ។ ការប្តូរជំហររបស់ពួកគេ ក៏ដោយសារមើលឃើញថា បក្សប្រជាជនកម្ពុជា បាននិងកំពុងប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ប្រទេសជាតិស្របតាមអ្វីដែលពួកគេចង់បាន។

បន្ថែមពីលើនេះ ពួកគេបានអស់សង្ឃឹមជាមួយនឹងក្បាលម៉ាស៊ីនដឹកនាំបក្សប្រឆាំង ដែលត្រូវបែក​ខ្ញែកគ្នា និងចុះខ្សោយជាបន្តបន្ទាប់ ហើយមិនមានបានធ្វើអ្វីជាប្រយោជន៍ដល់សង្គមជាតិ ដូចអ្វីដែលពួកគេចង់បាននោះឡើយ៕