(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី នៅថ្ងៃទី០៤ ខែកក្កដានេះ បានដឹកនាំនូវកិច្ចប្រជុំពិសេសមួយ ដោយមានតំណាងមកពី១៥ក្រសួងពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីជំរុញការអនុវត្ត និងការពិនិត្យតាមដានការអនុវត្តផែនការ សកម្មភាពជាតិទី២ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ដែលជាគោលនយោបាយជាតិ ដ៏សំខាន់មួយដើម្បីធ្វើការឆ្លើយតប ទៅនឹងបញ្ហាអំពើហិង្សាប្រព្រឹត្តដោយដៃគូជិតស្និទ្ធ និងអំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកិច្ចការនារី បានឲ្យដឹងថា ប្រព័ន្ធរាយការណ៍ថ្មីមួយត្រូវបានបង្កើតឡើង នៅក្នុងរដ្ឋាភិបាល ដើម្បីបង្កើននូវគណនេយ្យភាព របស់ក្រសួងពាក់ព័ន្ធ និងដើម្បីកំណត់សម្គាល់ និងឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី។

លោក អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី បានថ្លែងថា៖ «ខណៈពេលយើងកំពុងនិយាយនៅទីនេះ មានស្ត្រីកំពុងទទួលរងនូវអំពើរំលោភបំពាន និងអំពើហិង្សា ឬត្រូវបានសម្លាប់ដោយសហព័ទ្ធ និងដៃគូរបស់ពួកគេនៅទូទាំងប្រទេសកម្ពុជា។ ខ្ញុំសង្ឃឹមថា វិធីសាស្ត្រធ្វើការងារថ្មី និងយន្តការរាយការណ៍ដ៏សាមញ្ញជាងមុន ដែលយើងបានអនុម័តក្នុងថ្ងៃនេះ នឹងជួយក្រសួងពាក់ព័ន្ធទាំងអស់ ឲ្យធ្វើការប្រឹងប្រែងជាថ្មី និងធ្វើការគៀងគរ នូវធនធានមនុស្ស និងហិរញ្ញវត្ថុឲ្យកាន់តែច្រើនឡើង ដើម្បីបញ្ឈប់នូវការរំលោភបំពានសិទ្ធិ មនុស្សដ៏ដែលមិនអាចទទួលយកបាននេះ»។

លោកស្រី Wenny Kusuma តំណាង អង្គការ UN Women ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «ថ្ងៃនេះ យើងបានធ្វើដំណើរមក ដល់ពាក់កណ្តាលផ្លូវ នៃការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី (២០១៤-២០១៨) ដោយមានអារម្មណ៍ចម្រុះ ពីព្រោះនៅមានការងារជាច្រើនទៀត ដែលយើងត្រូវធ្វើ។ យោងតាមការសិក្សាស្រាវជ្រាវថ្នាក់ជាតិមួយ ដែលគាំទ្រដោយអង្គការ UN Women និងអង្គការសុខភាពពិភពលោក ដែលត្រូវបានផ្សព្វផ្សាយ នៅចុងឆ្នាំកន្លងទៅនេះ បានឲ្យដឹងថា ស្ត្រីកម្ពុជាម្នាក់ក្នុងចំណោម ៥នាក់ អាយុពី១៥ ដល់ ៦៤ឆ្នាំ ដែលធ្លាប់រៀបការ ឬមានដៃគូ បានទទួលរងនូវអំពើហិង្សាលើរាងកាយ និង/ឬអំពើហិង្សាផ្លូវភេទដោយដៃគូជិតស្និទ្ធនៅក្នុងមួយជីវិតរបស់ពួកគេ។ មានសិក្សាស្រាវជ្រាវមួយទៀតរបស់អង្គការ សហប្រជាជាតិដែលបានបោះពុម្ភផ្សាយក្នុងឆ្នាំ ២០១៣ បានរកឃើញថា ជនល្មើសជាបុរសកម្ពុជាស្ទើរជិតពាក់កណ្តាលមិនដែលបានប្រឈមនឹងការដោះស្រាយតាមនីតិវិធី ច្បាប់ទាល់តែសោះ។ ទិន្នន័យទាំងអស់នេះ វាកំពុង ពញ្ញាក់យើង និងបង្ហាញថា ការឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រីពីរដ្ឋាភិបាលកម្ពុជានៅមិនទាន់គ្រប់គ្រាន់នៅឡើយ»៕