(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្ត បានប្រាប់ឲ្យភ្នាក់ងារFresh News នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះថា កម្លាំងអាវុធហត្ថខេត្តបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៦៩/២០១៦ចេញដោយ លោក លី ម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
លោកឧត្តមសេនីយ៍ត្រី បន្តថាជនសង្ស័យដែលត្រូវឃាត់ខ្លួននេះឈ្មោះ តែ វិចិត្រា ហៅត្រា អាយុ១៦ឆ្នាំ មានទីលំនៅភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកបន្ថែមថា ជនសង្ស័យត្រូវបានឃាត់ខ្លួននៅយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ ចំណុចមុខក្លិបកំសាន្ត ហ្គោលថោន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ព្រមទាំងដកហូតវត្ថុតាងរួមមាន ម៉ូតូ១គ្រឿង ម៉ាកNex ពណ៌ស គ្មានស្លាកលេខ ទូរស័ព្ទដៃ២គ្រឿង នាឡិកាដៃ២គ្រឿង និងកាបូបលុយ១ ផងដែរ។
បច្ចប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕