(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ឲ្យដឹងថា សម្តេចពេញចិត្តយ៉ាងខ្លាំង ដែលបានឃើញ យុវជន យុវនារីសព្វថ្ងៃ ស្រេកឃ្លានចំណះដឹង។ សម្តេចតេជោ ទទួលស្គាល់នូវដំណាក់កាលនីមួយៗ នៃការកសាងប្រទេសដែលអម្រែក បញ្ហាដ៏ធ្ងន់ទាំងនេះគឺបាន បន្សល់ទុកពីអតីតកាល ដែលយើងត្រូវខិតខំធ្វើជាបន្ត ជាពិសេសជំរុញ ការអភិវឌ្ឍធនធានមនុស្សព្រោះ ធនធានមនុស្សនៅកម្ពុជាត្រូវបានបំផ្លាញចោលស្ទីរផុតរលត់ទាំងស្រុងនៅក្នុងរបបប៉ុលពត។ ទោះបី ជាមានគម្រោងការល្អយ៉ាងណា ក៏ដោយ បើគ្មានធនធានមនុស្សទេនោះ គឺមិនអាចអនុវត្តផែនការដ៏ល្អបានឡើយ។ សម្តេចតេជោ មានប្រសាសន៍បែបនេះ ខណៈសម្តេច បានជួបពិភាក្សាការងារជាមួយលោក Joa Chim Baron Von Marschall ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់នៅវិមានសន្តិភាព រាជាធានីភ្នំពេញ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦នេះ។
លោក Joa Chim Baron Von Marschall បានគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ដែលបានគាំទ្រ និងសហការជាមួយ លោកក្នុងពេលបំពេញ បេសកកម្មការទូតនៅកម្ពុជា រយៈពេល៣ឆ្នាំ ដែលទទួលបានជោគជ័យជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ អគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់ផ្លាស់ប្តូទស្សនកិច្ចមន្រ្តី ជាន់ខ្ពស់រវាងប្រទេសទាំងពីរនិងផ្តល់ នូវការទទួលរាក់ទាក់ស្និទ្ធស្នាលជាមួយមន្ត្រីថ្នាក់ដឹកនាំអាល្លឺម៉ង់ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។
លោក អគ្គរដ្ឋទូត បានសង្កេតឃើញមានចំណុចមួយចំនួន ដែលប្រទេសទាំងពីរមានស្ថានភាពដូចគ្នាក្នុងដំណាក់កាល កសាងនិងស្ថាបនា ប្រទេសជាតិ ដូចជា ទី១.ប្រទេសទាំងពីរក្រោយ ពីបានបញ្ចប់សង្រ្គាមគឺបន្ទាប់មកយើងបានធ្វើការបង្រួបបង្រួមជាតិ ដូចកាលពីជាង ២៥ឆ្នាំកន្លងមកនេះ។ ទី២ គឺប្រទេស បានឆ្លងកាត់នូវសោកនាដ្ឋកម្មពីអតីតកាលដូចក្នុងជំនាន់ខ្មែរក្រហម និងទី៣ ការខិតខំប្រឹងប្រែង យកចិត្ត ទុកដាក់ទៅលើយុវជន និងការបណ្តុះបណ្តាលអប់រំធនធានជាយុវជនជាដើម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ និង លោក Joa Chim Baron Von Marschall ដែលតែងតែ យកចិត្តទុកដាក់ជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ហើយបានជំរុញទំនាក់ទំនង និងសហប្រិត្តិការរវាងប្រទេសទាំងពីរឱ្យកាន់ តែប្រសើរឡើង។ សម្តេចតេជោ សង្ឃឹមថាការចាកចេញនៃចក្រភពអង់គ្លេសពីសហគមអឺរ៉ុប គឺនឹងមិនប៉ះពាល់ដល់កម្ពុជាឡើយ៕