(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់កម្លាំងនាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានខិតខំប្រឹងប្រែងបំពេញការងារនាពេលកន្លងមកបានយ៉ាងល្អប្រសើរ ពិសេសក្នុងការការពារសុវត្ថិភាពជូនអង្គព្រះមហាក្សត្រ និងហ្លូងម៉ែ ព្រមទាំងថ្នាក់ដឹកនាំកំពូលរបស់ជាតិ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពផ្សព្វផ្សាយការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមិទ្ទិញអបអរសាទរខួបលើកទី១១២ ទិវាអន្ដរជាតិនារី ០៨ មីនា ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ, នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានជំរុញឲ្យបន្ដខិតខំប្រឹងប្រែងលើការងារការពារសុវត្ថិភាព ជូនថ្នាក់ដឹកនាំកំពូលៗបន្ដទៀត ហើយត្រូវការពារឲ្យបានជាដាច់ខាត។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «ត្រូវធានានិរន្ដរ៍ភាពអង្គព្រះមហាក្សត្រ និងហ្លូងម៉ែ ជាមួយក្បាលម៉ាស៉ីនកំពូលរដ្ឋ ត្រូវធានាព្រះរាជបេសកកម្ម បេសកកម្មគ្រប់ទីតាំងទាំងអស់ ត្រូវធានាដាច់ខាត ត្រូវប្រឹងប្រែងឲ្យបានល្អ។ សូមកោតសរសើរនាយកដ្ឋានអង្គរក្ស ជាគោល, អគ្គស្នងការរងទទួលសន្ដិសុខ បានសហការល្អជាមួយមូលដ្ឋាន ត្រូវគិតគូរបន្ដទៀត»។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានសម្ដែងនូវការកោតសរសើរដល់បណ្ដាអង្គភាពទាំងអស់ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលឆ្នាំកន្លងទៅនេះបានរួមដៃសហការគ្នា ជាមួយស្ថាប័នពាក់ព័ន្ធក្នុងការធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋរស់នៅដោយក្ដីសប្បាយរីករាយ ក្រោមម្លប់សន្ដិភាព។

គួរជម្រាបថា កន្លងទៅនេះនាយកដ្ឋានអង្គរក្ស និយាយដោយឡែក និងនិយាយជាមួយអគ្គស្នងដ្ឋាននគរបាលជាតិ បានទទួលជោគជ័យយ៉ាងធំធេងជាប្រវត្តិសាស្ដ្រ ក្នុងផែនការការពារនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១, មហាសន្និបាតអាយប៉ា លើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងឋានៈកម្ពុជាជាប្រធាន បានធ្វើឲ្យនាយកដ្ឋានអង្គរក្ស ទទួលបាននូវការកោតសរសើរពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងពីស្ថាប័នពាក់ព័ន្ធដទៃទៀតផងដែរ។

ពាក់ព័ន្ធការងារអង្គរក្សនេះ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ដែលទទួលបន្ទុកកិច្ចការងារជួយដល់នាយកដ្ឋានអង្គរក្ស តែងតែបានដាក់បទបញ្ជា និងណែនាំជាប់ជាប្រជុំក្នុងការអនុវត្តតួនាទីភារកិច្ចស្នួល លើការងារការពារសុវត្ថិភាពជូនអង្គព្រះមហាក្សត្រ និងហ្លូងម៉ែ ព្រមទាំងថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ក៏ដូចជាគណៈប្រតិភូអន្ដរជាតិ ដែលមកទស្សនកិច្ចនៅកម្ពុជា។

លោកឧត្តមសេនីយ៍ឯក យឹម លាង ធ្លាប់បានគូសបញ្ជាក់ថា កម្លាំងរបស់នាយកដ្ឋានអង្គរក្សបានចូលរួមយ៉ាងសកម្ម ក្នុងការការពាររាល់កម្មវិធីបុណ្យជាតិ និងព្រឹត្តិការណ៍នានា ដែលប្រារព្ធពិធីនៅទូទាំងប្រទេស ហើយកន្លងមកនាយកដ្ឋានអង្គរក្ស ក៏បានបញ្ជូនកងកម្លាំងអង្គរក្សទៅការពារសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ពេលទៅបំពេញការងារនៅក្រៅប្រទេសផងដែរ៕