(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រយៈពេល៣ឆ្នាំ គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ការលក់ផ្លាកលេខរថយន្តពិសេស បានចំនួនសរុប ១១៨,០៥២លេខ និងទទួលបានចំណូលសរុបចំនួន ២១៨,៥៣៣,០៧០,៨០០រៀល ស្មើនឹង ៥៤,៦៣៣,២៦៧ដុល្លារ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា តាមរយៈការបន្ថែមនូវការផ្តល់ជម្រើសនេះ បច្ចុប្បន្នប្រជាពលរដ្ឋមានសិទ្ធិអាចជ្រើសលេខចុះបញ្ជីពិសេសណាមួយដែលខ្លួនពេញចិត្ត សម្រាប់ចុះបញ្ជីបំពាក់លើរថយន្តរបស់ខ្លួន។

ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ក្នុងកម្មវិធី «អបអរសាទរខួប ៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន» នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នាសួនច្បារ វត្តបទុមវតី រាជធានីភ្នំពេញ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លេខពិសេសផ្ទាល់ខ្លួន លក់បាន១៦,១៣២លេខ បានចំណូលថវិកា ២៨លានដុល្លារ និងលេខពិសេសខេត្ត-ក្រុង គឺលក់បាន ១០១,៩២០លេខ បានថវិកាប្រហែល២៥លានដុល្លារ ក្នុងរយៈពេលដែលយើងដាក់ឱ្យប្រើប្រាស់នេះ»។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាចំណូលពីការលក់លេខចុះបញ្ជីរថយន្តនេះមួយចំណែក ជូនទៅមូលនិធិកាត់បន្ថយភាពក្រីក្រ និងមួយចំណែកទៀតបង់ចូលថវិកាជាតិ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា លេខពិសេសផ្ទាល់ខ្លួន ជាសេវាសាធារណៈថ្មីមួយ ដែលស្ថិតនៅក្នុងទិសដៅកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងគណនេយ្យភាព។

លោកទេសរដ្ឋមន្ត្រី បានអំពាវនាវសាធារណជន បន្តគាំទ្របន្ថែមទៀត ក្នុងការប្រើប្រាស់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន ដោយអាចធ្វើការបញ្ជាទិញលេខរថយន្ត ដែលស្រលាញ់ ពេញចិត្តសម្រាប់រថយន្តបាន តាមរយៈការទិញ ស្នើទិញ ឬដេញថ្លៃជាសាធារណៈ ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕