(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១២ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។

ការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ក្រោមប្រធានបទនេះ មានគោលបំណងបន្តរំលេចពីតម្លៃនៃការចូលរួមរបស់ស្ត្រី ដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។

លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានថ្លែងថា ទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្ធធ្វើឡើង​ជារៀង​រាល់​ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗ ក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។

លោកអភិបាលខណ្ឌបានបញ្ជាក់ថា សម្រាប់នៅកម្ពុជាមិនថា តែសិទ្ធិនារី ឬបុរសនោះ​ឡើយ គឺត្រូវបានបាត់បង់អស់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ​របស់បនប្រល័យពូជ​សាសន៍ ប៉ុល ពត សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផង បានកើតមានជាថ្មីក្រោយ​របប​ដ៏យង់ឃ្នងរបស់ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះ រហូតដល់ពេលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងបានយក​ចិត្តទុក​ដាក់ជានិច្ច ក្នុងការលើកកម្ពស់សិទ្ធស្រ្តីកម្ពុជា៕