(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងឱ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាលជាមួយអាវុធហត្ថនារី នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២៩នាក់ ព្រមទាំងបុគ្គលិកនារីបម្រើការងារក្នុងអង្គភាពចំនួន៤នាក់ សរុប៣៣នាក់។

ពិធីនេះធ្វើឡើងដើម្បីសម្តែងការអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ (៨ មីនា ១៩១១ - ៨ មីនា ២០២៣) ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសម័យឌីជីថល» និងចូលរួមលើកស្ទួយដល់កិត្យានុភាពសម្រាប់នារីផងដែរ។ តម្លៃនៃការចូលរួមរបស់ស្ត្រី គឺមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បាននាំយកអំណោយអនុស្សាវរីយ៍របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនដល់នារីទាំង៣៣នាក់ផងដែរ៕