(ភ្នំពេញ)៖ បុរសម្នាក់មានតួនាទីជាអតីតប្រធានការិយាល័យ អូស្ត្រាលី ញូស្ហេឡង់ នៅនាយកដ្ឋានអាស៊ី២ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការកាត់ទោស នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយមានលោក វ៉េង ហ៊ត់ អនុប្រធានសាលាដំបូងរាជធានី ជាចៅក្រមជំនុំជម្រះ។
លោក អ៊ា សែ ត្រូវបានលោក ឃី ឆៃ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទវិតិក្រម តាមមាត្រា៥៩២ និង ៥៩៣ នៃក្រមព្រហ្មទណ្ឌ ដើម្បីស៊ើបអង្កេតបន្ថែមករណីប្រព្រឹត្តអំពើពុករលួយ តាមរូបភាពទទួលលុយពីក្រុមហ៊ុនបរទេស ដើម្បីប្រថាប់ត្រាបញ្ជាក់លើឯកសារ។
ប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីក្រសួងការបរទេសរូបនេះ ឈ្មោះ អ៊ា សែ អាយុ៤២ឆ្នាំ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅក្នុងក្រសួងការបទេស ។
បទល្មើសវិតិក្រម ត្រូវកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល៕