(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី បានរៀបចំពិធីពិសាអាហារសាមគ្គី ជូនមន្ត្រីរាជការជានារី និងរៀបចំដំណើរកម្សាន្តរយៈពេល២ថ្ងៃ នៅខេត្តព្រះសីហនុ ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល»។

នាឱកាសនវដែរ លោក សំ លាងទ្រី បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ផ្ញើជូនបងប្អូននារីដែលមានចូលរួមក្នុងពិធីនេះផងដែរ។

លោក សំ លាងទ្រី បាន កោតសសើរមន្ត្រីរាជការជាស្ត្រីក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ត្រីរាជការនារីស្រុកសង្គមថ្មី និងឃុំទាំង៥ ដែលបានបំពេញការងារយ៉ាងល្អ និងចេះសាមគ្គីភាពគ្នា ធ្វើកិច្ចការងារបម្រើឱ្យមន្ទីរបានយ៉ាងល្អប្រសើរផងដែរ។

លោកបានបន្តថា ដោយសារតែបច្បុបន្ននេះបច្ចេកវិទ្យាព័ត៌មានវិទ្យាមានភាពទំនើប ដូច្នេះស្ត្រីត្រូវបង្កើនសមត្ថភាពរៀនសូត្របន្ថែមអំពីបច្ចេកវិទ្យាសម័យឌីជីថល បន្ថែមទៀតដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការងារផ្សេងៗ ជាពិសេសបម្រើការងារក្នុងមន្ទីរអង្គភាពរបស់ខ្លួនឱ្យប្រសិទ្ធភាពថែមទៀត។

លោក សំ លាងទ្រី បានថ្លែងថា ការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណង បន្តរំលេចពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងអរគុណសន្តិភាព ដែលបានប្រែក្លាយប្រទេសកម្ពុជាពីចំណុចសូន្យឱ្យរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេសនានា ទាំងក្នុងតំបន់និងសាកលលោក ជាពិសេសសមភាពយេនឌ័រត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ប្រកបដោយលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើតយន្តការ ផែនការសកម្មភាពជាតិ ដើម្បីឆ្លើយតបនឹងអំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងក្មេងស្រី ជាពិសេសការលើកកម្ពស់គុណភាពនៃការផ្តល់សេវាជាពហុវិស័យនៅតាមខេត្តនានា តាមរយះក្រុមការងារអន្តរស្ថាប័ន ដោយមានកិច្ចសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល ដើម្បីជួយជនរងគ្រោះឱ្យទាន់ពេលវេលា និងប្រសិទ្ធភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលនៅតែបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិផងដែរ។

លោក សំ លាងទ្រី ក៏បាននាំអំណោយលោកទេសរដ្ឋមន្ត្រី មាស សុភា ចែកជូននូវកាដូអនុស្សាវរីយ៍ជូនដល់មន្ត្រីរាជការដែលជានារី នូវសំពត់សឹង១ និងថវិកា៥មុឺនរៀល និងជូនពរបងប្អូននារីមានសម្រស់ស្រស់ស្អាត និងមានសុខភាពល្អគ្រប់ៗគ្នា៕