(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ លោក ឯម សុផល អនុប្រធានសមាគមរាជសីហ៍ បានដឹកនាំសមាជិកចំនួន ៣០នាក់ធ្វើទស្សនកិច្ចលើនាវា ICGS Samudra Paheredar របស់កងឆ្មាំសមុទ្រឥណ្ឌាដែលបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។

ក្រោមកិច្ចស្វាគមន៍ដ៏កក់ក្តៅរបស់លោក S. V. Sahu បានណែនាំបង្ហាញអំពីបច្ចេកទេសបញ្ជាបើកបរនាវា បច្ចេកទេសប្រតិបត្តិការណ៍នានា ជាពិសេសបេសកកម្មនាវារបស់លោកគឺធ្វើការសំអាតបរិស្ថានលើផ្ទៃសមុទ្រដូចជា ការប្រមូលសំអាតកាកសំណល់ប្រេង សម្រាមផ្លាស្ទីក យកមកកែឆ្នៃឡើងវិញ ក្នុងបំណងរក្សាបរិស្ថានល្អ។

ជាមួយគ្នានេះដែរ លោក ឯម សុផល ក៏បានជម្រាបឲ្យដឹងថាគោលបំណងការងារចម្បងរបស់សមាគមរាជសីហ៍គឺចូលរួមការងារសង្គម ការងារសប្បុរសធម៌ និងបណ្ដុះបណ្ដាលតម្រង់ទិសដល់យុវជនក្រីក្រដើម្បីឲ្យមានឱកាសរៀនសូត្រ និងក្រេបជញ្ជក់យកចំណេះជំនាញនានាដើម្បីចូលរួមបម្រើជាតិមាតុភូមិ។ ហេតុនេះ ការចូលរួមទស្សនកិច្ចនៅលើនាវាល្បាតរបស់កងកម្លាំងឆ្មាំសមុទ្រឥណ្ឌានាថ្ងៃនេះ គឺជាឱកាសមួយដ៏ល្អសម្រាប់សមាជិកសមាគមរាជសីហ៍ដើម្បីស្វែងយល់អំពីការងារលើផ្ទៃសមុទ្រដើម្បីចូលរួមសំអាតបរិស្ថានលើផ្ទៃនិងឆ្នេរសមុទ្រ។

ក្នុងនាមសមាគមរាជសីហ៍ លោកក៏សូមថ្លែងអំណរគុណចំពោះនាវាឥណ្ឌាដែលបានអនុញ្ញាតឲ្យសមាជិកសមាគមរាសីហ៍បានបំពេញទស្សនកិច្ច និងក៏សូមឲ្យកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌាកាន់តែរឹងមាំ៕