(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ឱ្យទប់ស្កាត់ការផលិតផល និងទំនិញគ្មានគុណភាព ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងសូមកុំឱ្យប្រជាពលរដ្ឋកម្ពុជា ក្លាយទៅជាអ្នកត្រូវធ្វើតេស្តថ្នាំ របស់ប្រទេសណាមួយឱ្យសោះ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រសួងសុខាភិបាលត្រូវលើកកម្ពស់ និងជំរុញការផ្សព្វផ្សាយ និងការអប់រំ លើម្ហូបអាហារ និងគ្រឿងបរិភោគ ដើម្បីបញ្ចៀសឱ្យបាននូវផលប៉ះពាល់នៃអាហារទាំងនោះ មកលើសុខភាពរបស់ប្រជាជន, ដោយហេតុថា អាហារមួយចំនួនអាចបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព និងអាយុជីវិតប្រជាជន ដែលការណ៍នេះ បង្កើនបន្ទុកចំណាយរបស់ប្រជាជន និងចំណាយបន្ថែមរបស់រាជរដ្ឋាភិបាលលើវិស័យសុខាភិបាល។
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា បញ្ហាចំណីអាហារពេលនេះ ត្រូវរកវិធីដោះស្រាយយ៉ាងម៉េចទប់ស្កាត់ ព្រោះវាទំនាក់ទំនងនឹងការផលិត។ បើសិនជាការផលិតសមស្របវាបង្កើតជាចំណីអាហាររបស់ប្រជាពលរដ្ឋរបស់យើង មានសុវត្ថិភាព និងសុខភាពល្អ។ ពីជំនាន់ប៉ុលពត ឬក្រោយសម័យសង្គ្រាម គឺប្រជាជនមិនគិតពីសុខភាពឡើយ ពោលគឺគិតតែរឿងក្រពះឆ្អែត ប៉ុន្តែបច្ចុប្បន្ន ត្រូវគិតពីអាហារឆ្អែតឆ្ងាញ់ និងធានាសុវត្ថិភាពសុខភាពវិញម្តង។
ជុំវិញចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រសិនបើការផលិតមានភាពសមស្របនោះនឹងបង្កើតជាចំណីអាហារ ឱ្យប្រជាពលរដ្ឋមានសុវត្ថិភាព និងមានសុខភាពល្អ។ ដូច្នេះ ត្រូវដាក់ចេញនូវគោលដៅដោះស្រាយតាំងពីការផលិត។
ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការផលិតកែច្នៃខ្លះ វាទាមទារឱ្យមានការពិនិត្យមុននឹងចរាចរលើទីផ្សារ។ ឃើញទេកន្លងទៅយើងក៏បានផ្សព្វផ្សាយ កុំឱ្យប្រើប្រាស់ទឹកសារ៉ូមួយប្រភេទ ដែលបានធ្វើឱ្យស្លាប់មនុស្សនៅលើប្រទេសជាច្រើន។ អ៊ីចឹងក្នុងប្រទេសរបស់យើង មុននឹងនាំចូលអ្វីមក ក៏ត្រូវតែពិនិត្យថា អាហ្នឹងវាធានាសុវត្ថិភាពទេ? វាច្បាស់ទេ? សូមកុំឱ្យប្រជាជនកម្ពុជាក្លាយទៅជាអ្នកដែលត្រូវគេធ្វើតេស្តថ្នាំ របស់ប្រទេសណាមួយឱ្យសោះ»។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មុននឹងផលិតផលនាំចូលមកកាន់ប្រទេសកម្ពុជាត្រូវសិក្សាឱ្យបានច្បាស់ថា ផលិតផលទាំងនោះមានគុណភាព និងធានាសុវត្ថិភាព និងលុះត្រាតែប្រទេសដែលផលិតទាំងនោះ បានដាក់ចរាចរលើទីផ្សារក្នុងប្រទេសសាមីខ្លួនជាមុនសិន។
សម្តេចតេជោ ហ៊ុន សែន ក៏បានរម្លឹកឡើងវិញថា មានប្រទេសមួយចង់យកថ្នាំដែលខ្លួនផលិតបានមកសាកល្បងប្រជាជនកម្ពុជា ប៉ុន្តែ ត្រូវបានសម្រេចបដិសេធ និងចង្អុលមុខចំៗចំពោះទង្វើបែបនេះ។
«កុំយកប្រជាជនខ្មែរ ធ្វើតេស្តសម្រាប់ឱសថដែលគេផលិត ទុកឱ្យគេធ្វើតេស្តសម្រាប់ខ្លួនគេទៅ។ កម្ពុជា មិនមែនជាធុងសំរាមបោះចោលនូវបច្ចេកវិទ្យាហួសសម័យ។ ខ្ញុំ (ធ្លាប់) បានប្រកាសនៅឆ្នាំ១៩៨៨។ អ៊ីចឹងកម្ពុជា អត់ត្រូវទទួលអ្វីដែលវាហួសសម័យយទេ រាប់ទាំងប្រព័ន្ធឌីជីថល អត់មានអាចាស់នៅស្រុកយើង អាថ្មីនៅស្រុកគេទេ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សង្កត់ធ្ងន់ៗថា ប្រទេសកម្ពុជា មិនមែនជាប្រទេសធុងសំរាម សម្រាប់ប្រទេសណាមួយនោះឡើយ៕