(ស្ទឹងត្រែង)៖ នាថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាព ម្ហូប អាហារ និងបទប្បញ្ញត្តិ ពាក់ព័ន្ធ» នៅសណ្ឋាគារ អង្គរមាស ខេត្តស្ទឹងត្រែង។

សិក្ខាសាលានេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប, លោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែង និងលោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍វិស័យឯកជន GIZ។

សមាសភាពចូលរួមក្នុងសិក្ខាសាលាខាងលើនេះ មានការចូលរួមពីអាជីវករ ក្នុងខេត្តស្ទឹងត្រែង សមាជិកសភាពាណិជ្ជកម្មកម្ពុជាខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី សភាពាណិជ្ជកម្មកម្ពុជាខេត្តកំពងចាម-មណ្ឌលគិរី អង្គភាពមន្ទីរជុំវិញខេត្តស្ទឹងត្រែង មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ស្ថាប័នអយ្យការខេត្តស្ទឹងត្រែង សិស្ស-និស្សិត និងមន្រ្តីសាខា ក.ប.ប. តាមបណ្ដាខេត្ត ដែលរួមមានខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចះ និងខេត្តត្បូងឃ្មុំ សរុប១៥០រូប។

សិក្ខាសាលានេះ នឹងដើរតួជាវេទិកាមួយក្នុងការផ្សព្វផ្សាយ ដើម្បីបញ្រ្ជាបការយល់ដឹងដល់ភាគីពាក់ព័ន្ធ ដែលរួមមាន ធុរជន អ្នក ប្រើប្រាស់ និងមន្រ្តីអនុវត្តច្បាប់ឱ្យបានទូលំទូលាយអំពីការអនុវត្ត និងអត្ថប្រយោជន៍នៃច្បាប់ទាំង៣ ព្រមទាំង អនុក្រឹត្យស្តីពី ការ គ្រប់គ្រងការផ្សាយពាណិជ្ជកម្ម លើផលិតផលទំនិញនិងសេវា ដែលរាជរដ្ឋាភិបាលទើប អនុម័តនាពេល ថ្មីៗនេះ ក្នុងការជំរុញឱ្យមានការប្រកួតប្រជែងក្នុងពាណិជ្ជកម្មប្រព្រឹត្តទៅប្រកបដោយសមធម៌ ព្រមទាំងការធ្វើធុរកិច្ច ដោយ ស្មោះត្រង់ និងសុចរិត ការពារផលប្រយោជន៍និងសុខុមាលភាពរបស់អ្នកប្រើប្រាស់ ព្រមទាំងបានបង្ហាញពី បទល្មើស និងទោសទណ្ឌ ក្រោមបទប្បញ្ញត្តិផងដែរ។

ទន្ទឹមនឹងការផ្សព្វផ្សាយនូវបទប្បញ្ញត្តិទាំងនេះជូនដល់ ធុរជន និង សាធារណជន សិក្ខាសាលា ដែលមានរយៈពេល២ថ្ងៃនេះ ក៏បានបញ្ចូលនូវការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្រ្តីមកពីមន្ទីរពាណិជ្ជកម្ម ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងមន្រ្តីអនុវត្តច្បាប់របស់ អគ្គនាយកដ្ឋាន ក.ប.ប. ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចះ និងខេត្តត្បូងឃ្មុំ ដោយផ្តោតលើ បែបបទ និងនីតិវិធីនៃការត្រួតពិនិត្យនិងការស៊ើប អង្កេត និងនីតិវិធីនៃការដោះស្រាយតាមការចរចាក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីធានាឱ្យការអនុវត្តច្បាប់ទាំងនេះមានប្រសិទ្ធភាព និងប្រសិទ្ធផល។

សូមបញ្ជាក់ថា សិក្ខាសាលានាលើកនេះ គឺជាសិក្ខាសាលាលើកទី២ ក្នុងឆ្នាំ២០២៣ ពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រកួត ប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយ ពាណិជ្ជកម្ម លើផលិតផល ទំនិញនិងសេវា ហើយគ្រោងឮរៀបចំឡើងចំនួន៤លើកបន្ថែមទៀតនៅទូទាំងប្រទេស តាមចង្កោមរាជធានី-ខេត្ត។

សូមរំលឹកថា ក្នុងឆ្នាំ២០២២កន្លងមក សិក្ខាសាលាផ្សព្វផ្សាយច្បាប់ទាំង៣នេះ ត្រូវបានរៀបចំរួចហើយ នៅទូទាំងប្រទេស ដោយអគ្គនាយកដ្ឋាន ក.ប.ប. និងទីភ្នាក់ងារ សហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)៕